(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានអះអាងថា លោកបានយកប្លង់ផ្ទះផ្ទាល់ខ្លួន ទៅខ្ចីលុយធនាគារ ដើម្បីចំណាយលើការងារចិញ្ចឹមគោយកទឹកដោះ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប។ លោកប្រាប់បែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានមួយ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រោមប្រធានបទ «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប»។

បើតាមលោក សុខ ទូច, រាល់ថ្ងៃមានគោយកទឹកដោះប្រមាណ ១០០ក្បាល ដែលកំពុងត្រូវបានចិញ្ចឹមក្នុងឧទ្យានខាងលើនេះ។ លោកថ្លែងថា ចំនួនគោទាំងនេះ មិនអាចផ្គត់ផ្គង់តាមតម្រូវការអ្នកទិញប្រចាំថ្ងៃបានឡើយ ហេតុនេះលោកត្រូវការគោបន្ថែមទៀត យ៉ាងហោចណាស់ក៏ ៣០០ក្បាលដែរ។

ចំពោះមូលហេតុនៃការយកប្លង់ផ្ទះទៅខ្ចីលុយធនាគារ ត្រូវបានលោកអះអាងថា រាជរដ្ឋាភិបាលបានបន្តជួយគោ ៥០ក្បាលទៀត សម្រាប់យកមកបន្ថែមក្នុងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ប៉ុន្តែដោយសារលុយនោះធ្លាក់មកយឺតពេក លោកក៏សម្រេចចិត្តខ្ចីធនាគារតែម្តង។

លោក សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិតរដ្ឋាភិបាលបានទម្លាក់ ៥០ក្បាលមកទៀតហើយ ប៉ុន្តែមិនទាន់បានលុយទេ ហើយខ្ញុំក៏ខ្ចីលុយធនាគារ។ ឥឡូវប្លង់ផ្ទះខ្ញុំនៅធនាគារកាណាឌីយ៉ា។ យើងប្រុងទិញ យើងកម្មង់ទិញ ១០០ក្បាលមកទៀត។ អញ្ចឹងរដ្ឋាភិបាលជួយ ៥០ក្បាល ៥០ក្បាលទៀត គឺខ្ញុំយកប្លង់ផ្ទះទៅខ្ចីលុយធនាគារ»

សូមជម្រាបថា បើតាមគំនិតសំខាន់ៗរបស់លោក សុខ ទូច មានចំនួន២ គឺលោកចង់ចិញ្ចឹមគោយកទឹកដោះនេះ ទៅធ្វើជាមូលធិទឹកដោះគោ ដើម្បីចែកជូនកូនខ្មែរទទួលទានដោយឥតគិតថ្លៃ និងដើម្បីសរសេរសៀវភៅស្តីពីការចិញ្ចឹមគោយកទឹកដោះដោយដៃកូនខ្មែរផ្ទាល់ដំបូងគេ ដើម្បីទុកជាឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកក៏បានច្រានចោល ចំពោះការចោទប្រកាន់ថា លោកកំពុងធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប៕