(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងចំណោមប្រជាពលរដ្ឋដែលតាំងលំនៅដ្ឋាននៅក្នុងឧទ្យានជាតិតេជោសែន ឫស្សីត្រឹប មាន៧គ្រួសារហើយបានស្ម័គ្រចិត្តផ្លាស់លំនៅដ្ឋានចេញពីតំបន់នេះ ក្រោយពីមានការសម្របសម្រួលដោះស្រាយរបស់រាជបណ្ឌិត្យសភា និងអាជ្ញាធរខេត្តព្រះវិហារ ខណៈ៨គ្រួសារទៀតកំពុងបន្តដោះស្រាយ។

ការថ្លែងបែបនេះរបស់ លោកបណ្ឌិត សុខ ទូច ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ឧទ្យានជាតិតេជោសែន ឫស្ស៉ីត្រឹប ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យ លេខ រស/នកត/០៤០១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដែលមានផ្ទៃដីសរុប ១១,៤៣៥ ហិកតា ផ្តោតសំខាន់លើការអភិរក្សព្រៃឈើ អភិរក្សវប្បធម៌ ព្រមទាំងមានការអភិវឌ្ឍផងដែរ។ បន្ទាប់ពីបង្កើតឧទ្យានជាតិនៅភាគខាងជើងប្រទេសកម្ពុជានេះហើយ មានប្រជាពលរដ្ឋបានទៅតាំងទីលំនៅក្នុងតំបន់ឧទ្យានជាតិនេះជាបន្តបន្ទាប់ គិតមកដល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅចំនួន ៣១គ្រួសារ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានជាតិខាងលើនេះ ភាគច្រើនប្រកបមុខរបរកាប់ព្រៃឈើដើម្បីយកឈើលក់ឱ្យឈ្មួញ និងដើម្បីយកជ័រលក់ (ជ័រច្បោះ) ដែលនាំឱ្យមានការបាត់បង់ព្រៃឈើអស់ជាច្រើន។ ក្រៅពីនេះ ពួកគាត់ក៏តែងតែកាប់រានព្រៃឈើនៅរដូវប្រាំង មានទាំងការដុតបំផ្លាញព្រៃ ដើម្បីយកដីធ្វើស្រែនៅរដូវវស្សា ដែលជាហេតុនាំឱ្យមានភ្លើងឆេះព្រៃជាញឹកញាប់។

លោកបានបន្តថា ដោយឃើញនូវសកម្មភាពខុសច្បាប់ ដែលនាំទៅដល់ភាពហិនហោចព្រៃឈើនៅក្នុងឧទ្យានជាតិយ៉ាងដូច្នេះហើយ រាជបណ្ឌិត្យសភាកម្ពុជាក៏បានសហការជាមួយអាជ្ញាធរខេត្ត-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះទប់ស្កាត់ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជារឿយៗអំពីបញ្ហាទាំងនេះ ព្រមទាំងរកទីតាំងលំនៅដ្ឋានថ្មីជូនពួកគាត់សម្រាប់ផ្លាស់ចេញពីតំបន់ឧទ្យានជាតិ ផ្ដល់ដីអាស្រ័យផល បង្កើតឱ្យមានប្រភពទឹកប្រើប្រាស់ ដូចជា ការជីកអណ្ដូង ជីកស្រះ តបណ្ដាញអគ្គិសនី ព្រមទាំងកសាងឱ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារជាដើម ពិសេសគឺរាជបណ្ឌិត្យសភាកម្ពុជាកំពុងខិតខំបង្កើតឱ្យមានឱកាសការងារជូនប្រជាពលរដ្ឋនៅទីនោះ ខណៈគោលដៅនៅចំពោះមុខគឺស្វែងរកអ្នកវិនិយោគលើវិស័យទេសចរណ៍។

លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «អភិបាលខេត្តព្រះវិហារ បានចាត់អភិបាលរងខេត្តចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតំបន់នោះ ឥលូវនេះស្ម័គ្រចិត្ត៧គ្រួសារហើយ ហើយ៨គ្រួសារទៀតកំពុងបន្តស្ម័គ្រចិត្ត ព្រោះកន្លែងដែលយើងរៀបចំលំនៅដ្ឋាននោះ មានទាំងអណ្ដូងទឹក មានទាំងប្លង់ដី ក្បាល៣០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ រីឯនៅក្នុងតំបន់ឧទ្យានវិញ គ្មានសាលារៀន វត្តអារាម ទឹកក៏អត់មាន ប៉ុន្តែដេញមិនចេញ ព្រោះមានឈើ»

លោកថា នៅពេលដោះស្រាយជូនប្រជាពលរដ្ឋឱ្យផ្លាស់លំនៅចេញពីតំបន់ឧទ្យានជាតិតេជោ ឫស្សីត្រឹប បានហើយ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំឱ្យមានកុងត្រូលត្រួតពិនិត្យនៅច្រកចេញចូលឧទ្យានជាតិ ដើម្បីទប់ស្កាត់បទល្មើសកាប់ឈើ ខណៈការងារចំពោះមុខក្នុងពេលនេះ គឺត្រូវទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើឱ្យខាងតែបាន ពីព្រោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះនៅតែបន្តកាប់ឈើ។

លោកបណ្ឌិត សុខ ទូច បានទម្លាយឱ្យដឹងដែរថា នៅពេលលោករួមជាមួយក្រុមឧទ្យានុរក្សចុះចាប់សកម្មភាពដឹកឈើ ក្រុមឧទ្យានុរក្សចង់កសាងសំណុំរឿងបញ្ជូនខ្លួនពលរដ្ឋអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទាំងនោះទៅតុលាការ ប៉ុន្តែដោយការអាណិតអាសូរ និងការគិតគូរអំពីការរស់នៅរបស់ពួកគាត់ លោក សុខ ទូច ក៏បានអង្វរទៅកាន់ក្រុមឧទ្យានុរក្ស ដើម្បីសុំកុំឱ្យកសាងសំណុំរឿងនេះ ពីព្រោះលោកយល់ថា ប្រសិនបើចាប់ពួកគាត់ដាក់ពន្ធនាគារ គ្រួសាររបស់ពួកគាត់នឹងជួបនូវការលំបាក ដោយបាត់បង់អ្នកទីពឹងដែលរកស៉ីចិញ្ចឹមគ្រួសារប្រចាំថ្ងៃ។ ដូច្នេះទើបលោកព្យាយាមចរចាជាមួយឧទ្យានុរក ដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋតាមវិធីផ្សេង។

បើតាមលោកបណ្ឌិត សុខ ទូច, ការប្រកបរបររបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ គឺធ្វើស្រែវស្សាលើដីដែលកាប់រានព្រៃពីរដូវប្រាំងរួចហើយ ហើយមានការចូលព្រៃរកអនុផលព្រៃឈើផ្សេងៗ ដូចជា ដកផ្សិត បេះផ្លែរពាក់ ជីកទំពាំងជាដើម។ មុខរបរមួយទៀតគឺកាប់ឈើយកជ័រ ដោយក្នុងឈើមួយដើមយកបានជ័រដល់ទៅ៥លីត្រ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះចូលចិត្តកាប់រំលំដើមឈើទាំងមូល ដើម្បីបានជ័រច្រើនជាងនេះ៕