(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានចេញប្រកាសព័ត៌មានពីករណីបុរសម្នាក់ជាពលករខ្មែរ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាព តែមិនបណ្តាលមកពីជំងឺកូវីដ១៩នោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា បុរសម្នាក់ជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា តាមច្រកចំបក់ ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ នៅម៉ោង ១១៖២០នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

ក្រោយពេលក្រុមការងារបានសួរនាំអំពីការវិលត្រឡប់របស់បងប្អូនពលករមកវិញរួច ក្រុមការងារបានឲ្យបងប្អូនទៅយកឥវ៉ាន់ដើម្បីឡើងរថយន្តកងទ័ពដែលប្រចាំការនៅប៉ុស្តិ៍ចំបក់ ដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅទីរួមស្រុក ប៉ុន្តែក្នុងពេលនោះបុរសខាងលើ បានដើរទៅបត់ជើងតូច ហើយក៏ជំពប់ជើងដួលបោកក្បាលទៅលើថ្មបណ្តាលឲ្យបែកក្បាល។ ភ្លាមៗនោះ ប្រជាពលករខ្មែរមួយរូប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ជាអ្នករួមដំណើរ បានទៅជួយលើកបុរសដែលដួលនោះឲ្យអង្គុយ និងបានសួរទៅកាន់បុរសនោះ ហើយបុរសដែលដួលគាត់បានប្រាប់ថា ខ្លួនអស់កំលាំង ហើយបានហូបស្រាបៀរលីអូថៃអស់២ដប។

ក្នុងពេលភ្លាមៗនោះ កំលាំងនគរបាលឈរជើងទីនោះ ឃើញមានហូរឈាមខ្លាំងនៅក្បាលផ្នែកខាងក្រោយក៏បានឲ្យក្រមាចងទប់ឈាម និងបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃមកទទួលយកអ្នករបួសទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ ពេលបញ្ជូនអ្នករបួសទៅដល់មន្ទីរពេទ្យ ប្រមាណជាម៉ោង១២:០០អាធ្រាត្រ មានក្រុមគ្រូពេទ្យប្រចាំការ បានពិនិត្យឃើញ់អ្នកជំងឺមានស្នាមរបួសបែកក្បាលប្រវែង២សង់ទីម៉ែត្រ និងបានដេររបួសជូនអ្នកជំងឺចំនួន៥ថ្នូរ និងព្យាបាលតាមបច្ចេកទេសពេទ្យ។

ពេលនោះអ្នកជំងឺ មានស្ថានភាពធម្មតា ដោយគ្រូពេទ្យ បានតាមដានស្ថានភាពអ្នកជំងឺក្នុងមួយម៉ោងម្តង គឺអ្នកជំងឺមានអាការៈធម្មតា ដឹងខ្លួន និយាយបានធម្មតា រហូតលុះដល់ម៉ោង ៥ទៀបភ្លឺ អ្នកជំងឺមានអាការៈប្រែប្រួល ដោយមានអាការៈឈឺក្បាល វិលមុខ និងក្អួត រួចក៏សន្លប់បាត់ស្មារតីតែម្តង ក្នុងពេលភ្លាមៗនោះ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមបច្ចេកទេសពេទ្យ ប៉ុន្តែដោយឃើញស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក៏សម្រេចបញ្ជូនទៅសង្គ្រោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាមន្ទីរពេទ្យកំរិត២ នៅម៉ោង៧ព្រឹក ព្រោះមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃជាមន្ទីរពេទ្យបង្អែកកំរិត១។ ពេលទៅដល់មន្ទីរ ពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រុមគ្រូពេទ្យបានពិនិត្យមើលឃើញថា អ្នកជំងឺបានស្លាប់បាត់ទៅហើយមុនពេលទៅដល់មន្ទីរពេទ្យ។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើ គឺពុំទាន់បានចូលទៅមណ្ឌលចត្តាឡីស័កមួយណាទេ ហើយក៏មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ដែរគឺស្លាប់ដោយសារឧបទ្ទវហេតុ ដួលបោកក្បាល។ រដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព៕