(ភ្នំពេញ)៖ គោចិញ្ចឹមយកទឹកដោះ ចំនួន១០០ក្បាលទៀត ត្រូវបានបញ្ជាទិញពីប្រទេសថៃ ដើម្បីយកមកចិញ្ចឹមនៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ខណៈបច្ចុប្បន្នមាន១០០ក្បាល កំពុងតែចិញ្ចឹម និងប្រមូលផលបានជាបន្ដបន្ទាប់។ នេះបើតាមការឲ្យដឹងពី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ក្នុងចំណោមគោ១០០ក្បាលនេះ គឺ៥០ក្បាល ជាការផ្ដល់ថវិកាដោយសម្ដេចតេជោ ហ៊ុន សែន និង៥០ក្បាលទៀត ជាការចំណាយរបស់រាជ្យបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋាភិបាលបានទម្លាក់៥០ក្បាលមកទៀតហើយ ប៉ុន្ដែមិនទាន់បានលុយទេ ហើយខ្ញុំក៏ខ្ចីលុយធនាគារ [...] ពេលនេះនៅប្រទេសថៃ ហើយថៃបិទយើងមិនអាចដឹកមកបាន ដូច្នេះរដ្ឋាភិបាលជួយ៥០ក្បាល ហើយ៥០ក្បាលទៀត គឺខ្ញុំយកប្លង់ផ្ទះទៅដាក់ធនាគារដើម្បីទិញ»

បើតាមលោកបណ្ឌិត សុខ ទូច ដើម្បីឲ្យទឹកដោះគោស្រស់ឫស្សីត្រឹប ផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សា គឺរាជ្យបណ្ឌិតសភាកម្ពុជា ត្រូវការចិញ្ចឹមគោរហូតដល់ ៣០០ក្បាល ខណៈបច្ចុប្បន្ន១០០ក្បាលតែប៉ុណ្ណោះ។ លោក សុខ ទូច បានគូសបញ្ជាក់ថា គោឲ្យទឹកដោះ គឺមានរយៈពេលកំណត់ម្ដង៩ខែប៉ុណ្ណោះ នឹងអស់ទឹកដោះសម្រាប់ផ្គត់ផ្គង់។

លោកបណ្ឌិត សុខ ទូច បានអះអាងថា ការអភិរក្សនៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ពិសេសការចិញ្ចឹមគោយកទឹកដោះនេះ អាចដំណើរការទៅបានដោយសារមានការជួយជ្រុមជ្រែងពីរាជរដ្ឋាភិបាល បើគ្មានរាជរដ្ឋាភិបាលជួយជ្រុមជ្រែងនោះទេ មិនអាចដំណើរការបានមកដល់ពេលនេះឡើយ។

ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា រូបនេះបានគូសបញ្ជាក់ថា ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនោះ កន្លែងទៅក៏បានចែកចាយ និងផ្ដល់ជូនដោយឥតគិតថ្លៃ ជូនមណ្ឌលកុមារកំព្រា និងសិស្សានុសិស្ស បានចំនួន១៥,៩៦៣នាក់ រួចមកហើយផងដែរ។ លោក សុខ ទូច បានបង្ហាញមហិច្ឆតាដែរថា នឹងជំរុញការផ្គត់ផ្គង់ទឹកដោះគោស្រស់នេះ ទៅកាន់ទីផ្សារក្រៅស្រុកផងដែរនាពេលអនាគត។

សូមរំលឹកថា ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ មិនមានបន្ថែមសារធាតុគីមី ឬសារធាតុរក្សាទុក ដែលនាំឲ្យប៉ះពាល់ដល់ សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។ ទឹកដោះគោនេះពោរពេញដោយប្រូតេអ៉ីន និងកាលស្យូមខ្ពស់ជួយដល់សុខភាព ជួយដល់ការលូតលាស់ បំប៉នឆ្អឹង ប្រាជ្ញាឈ្លាសវៃ។

គួរជម្រាបថា ក្រៅពីការចិញ្ចឹមគោយកទឹកដោះហើយនោះ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ក៏មានចិញ្ចឹមពពែ និងចៀមផងដែរ។ តួលេខដែលបង្ហាញដោយ លោក សុខ ទូច ពពែទិញចូលសរុប ចំនួន២២២ក្បាល ញី១៩១ក្បាល និងចៀម ចំនួន១៣៨ក្បាល ញី១២៤ក្បាល៕