(ភ្នំពេញ)៖ តុក្កតាខ្លាឃ្មុំ គួរឲ្យស្រឡាញ់២ប្រភេទ ដែលចាក់ពីអំបោះដោយស្ត្រី មកពីសហគមន៍ ដែលមានជីវភាពខ្វះខាត ឥឡូវនេះ មានដាក់លក់ នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម «តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម» របស់ណាហ្គាវើលដ៍។

ប្រាក់ ដែលបានពីការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករ ព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។

ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រី ដែលមានជីវភាពខ្វះខាត ប្រមាណ២០០នាក់ នៅក្នុង និងជុំវិញរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០៩។

ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាល ជំនាញចាក់វត្ថុអនុស្សាវរីយ៍ ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ ការងារសិប្បកម្មនេះ ផ្តល់ជម្រើស និងឱកាសការងារ ដើម្បីពួកគេអាចរកប្រាក់ចំណូល សម្រាប់គ្រួសាររបស់ពួកគេ។

តុក្កតាខ្លាឃ្មុំតូច (១៦ដុល្លារ) និងតុក្កតាខ្លាឃ្មុំធំ (២៣ដុល្លារ) ដែលចាក់ពីអំបោះទាំងនេះ មានដាក់លក់រៀងរាល់ថ្ងៃ នៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។

ប្រាក់ ដែលបានពីការលក់ នឹងត្រូវបញ្ជូនត្រឡប់ ទៅសហគ្រាសសង្គម Cambodia Knits វិញ ដើម្បីជួយដល់ស្ត្រីសិប្បករ និងឧបត្ថម្ភទៅលើការចំណាយផ្សេងៗ នៃដំណើរការរបស់សហគ្រាស និងវគ្គបណ្តុះបណ្តាលក្នុងពេលអនាគត។

ស្ត្រីមេម៉ាយ នៅក្នុងសហគមន៍ក្រីក្រ ដែលជួបបញ្ហាហិរញ្ញវត្ថុ ដែលបង្កពីជំងឺកូវីដ-១៩ ក៏នឹងទទួលបានជំនួយពីការលក់នេះផងដែរ។

លើសពីនេះ ទឹកប្រាក់១ដុល្លារ ពីតុក្កតាខ្លាឃ្មុំនីមួយៗដែលត្រូវបានលក់ នឹងឧបត្ថម្ភដល់អង្គការការពារជីវិតសត្វព្រៃ ដែលមិនរកប្រាក់ចំណេញ Free The Bears Cambodia របស់អូស្ត្រាលីដែលបាន និងកំពុងដំណើរការ កន្លែងជួយសង្គ្រោះសត្វខ្លាឃ្មុំ ក្នុងប្រទេសកម្ពុជា។

មានទីតាំង នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងខេត្តតាកែវ កន្លែងជួយសង្គ្រោះនេះ ផ្តល់ទីជម្រក ចំណី និងការមើលថែរៀងរាល់ថ្ងៃ ដល់សត្វខ្លាឃ្មុំ ប្រមាណ១២០ក្បាល ដែលត្រូវបានសង្គ្រោះ ពីការជួញដូរខុសច្បាប់។

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «តាមរយៈកម្មវិធី តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម ណាហ្គាវើលដ៍ មានគោលបំណងលើកកម្ពស់ជីវភាព របស់ពលរដ្ឋដែលពឹងផ្អែក លើសិប្បកម្មនៅក្នុងប្រទេស»

លោកថា «ការសហការរបស់យើង ជាមួយសហគ្រាសសង្គម Cambodia Knits គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន របស់យើង និងជាផ្នែកមួយ នៃការប្តេជ្ញាបន្តបន្ទាប់ របស់ណាហ្គាវើលដ៍ សំដៅឆ្ពោះទៅរកការឧបត្ថម្ភគាំទ្រ ដល់សហគមន៍ប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា»

លោក Pern Chen បានថ្លែងបន្តថា «តុក្កតារូបខ្លាឃ្មុំដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានចាក់យ៉ាងផ្ចិតផ្ចង់ ចេញពីទឹកចិត្តស្រឡាញ់របស់ស្ត្រីសហគមន៍ ដែលភ្ញៀវ និងសាធារណជន អាចជាវយកទៅគេហដ្ឋាន ឬធ្វើជាអនុស្សាវរីយ៍។

ជាមួយនឹងកាយវិការ និងទឹកចិត្តសប្បុរសរបស់ភ្ញៀវ ដែលជួយទិញតុក្កតាខ្លាឃ្មុំ វានឹងជួយដល់គ្រួសារជាច្រើន ដែលកំពុងត្រូវការជំនួយជាពិសេស នៅក្នុងពេលនៃជំងឺកូវីដ-១៩ ដ៏លំបាកនេះ។

វាក៏ជាវិធីដ៏ល្អផងដែរ ដើម្បីជួយដល់ជីវិតសត្វព្រៃ ដ៏មានតម្លៃរបស់យើង ដោយប្រាក់ដែលបានពីការលក់តុក្កតា នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់កិច្ចការពារ និងអភិរក្សសត្វខ្លាឃ្មុំកម្ពុជា ឲ្យរស់នៅក្នុងជម្រកធម្មជាតិរបស់វា»។

ស្ថាបនិកសហគ្រាសសង្គម Cambodia Knits អ្នកស្រី Monika Nowaczyk បាននិយាយថា «ស្ត្រីមានអំណាច និងអាចចូលរួមកាត់បន្ថយភាពក្រីក្រនៅ ក្នុងសហគមន៍ របស់ពួកគេបាន។ ពួកគេអាចធ្វើការវិនិយោគប្រាក់ចំណូលរបស់ពួកគេ ទៅក្នុងវិស័យសុខាភិបាល អប់រំ និងអនាគតរបស់គ្រួសាររបស់ពួកគេ»