(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយជាអង្ករ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតចំនួន ៧៨គ្រួសារ រស់នៅក្នុងសហគមន៍ផ្លូវរថភ្លើង និងសហគមន៍ «A» ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសជួបសំណេះសំណាលនេះ តំណាងក៏ដូចជាប្រជាពលរដ្ឋរស់នៅសហគមន៍ «A» និងសហគមន៍ផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខ និងការពារគ្រប់កាលៈទេសៈជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ជា ពិសី បានណែនាំដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លង ជម្ងឺកូវីដ១៩៕