(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនសាធារជនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ការពារព្រៃឈើ នៅក្នុងបរិវេណឧទ្យានជាតិតេជោសែន ឫស្សីត្រឹប។

សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងតំណាងមកពីខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននឹងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះរួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ កន្លែងទេសចរណ៍ទាំងនោះមានចចំនួន៤ រួមមានទី១៖ ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ, ទី២៖ ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ, ទី៣៖ ជាកន្លែងជំរកសត្វគ្រប់ប្រភេទ, ទី៤៖ ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥៖ ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ៕