(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (Devyani Uttamkhobragade) បានថ្លែងថា ឥណ្ឌានឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ឱ្យកាន់តែប្រសើរបន្ថែមទៀត លើវិស័យសុខាភិបាលនៅកម្ពុជា។

លោកស្រីថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី Devyani Uttamkhobragade បានថ្លែងបន្ដថា ប្រទេសរបស់ខ្លួន បានសហការជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាល នឹងបន្ដអនុវត្ដលើគម្រោងជំងឺគ្រុនឈាម និងជួយក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ លើសពីនោះ នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងការពង្រឹងសមត្ថភាពដល់មន្ដ្រីសុខាភិបាល។

ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ថា ឥណ្ឌាក៏នឹងមានការវិនិយោគមន្ទីរពេទ្យវិស័យចម្រុះ ដែលប្រើប្រាស់បានគ្រប់ជាតិសាសន៍នៅកម្ពុជា ហើយជាការវិនិយោគបែបលក្ខណៈឯកជន ដែលត្រូវមានការគាំទ្រជាផ្លូវការ និងសុំជាគោលការណ៍ការវិនិយោគ ពីក្រសួងសុខាភិបាលផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្ដិការកន្លងមកជាមួយគ្នា និងការបន្ដពង្រឹងកិច្ចសហការបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរ បានចុះអនុស្សរណៈមួយចំនួនលើការអភិវឌ្ឍវិស័យសុខាភិបាលរួចមកហើយ តែដោយសារបញ្ហាកូវីដ១៩ គម្រោងមួយចំនួន ក៏មិនទាន់ដំណើរការ។

លើបញ្ហាកូវីដ-១៩នេះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ក៏បានថ្លែងកោតសរសើរពីការត្រួតពិនិត្យ និងការទប់ស្កាត់នៃការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា ដែលអនុវត្ដបានយ៉ាងល្អប្រសើរ ហើយការត្រួតពិនិត្យដ៏ល្អនេះហើយ លោកស្រីក៏បានជម្រុញឱ្យកម្ពុជា មានគិតគូរឡើងវិញនូវការកក្រើកឡើងវិញ នូវវិស័យទេសចរណ៍ ក្នុងបរិបទកូវីដ១៩នេះ៕