(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ហៅកាត់ថា CMYA បានរៀបចំពិធីអបរំសុខភាព និងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺចំនួន១៥០នាក់ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅបរិវេណវិហារឥស្លាមគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិកា ក្រសួងការងារ និងបណ្តាបណ្តាលវិជ្ជាជីវៈ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) មន្ត្រីជាន់ខ្ពស់ពីក្រសួងផ្សេងៗ និងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ និងក្រុមគ្រូពេទ្យស្មគ្រចិត្ត CMYA ចំនួន២៥នាក់។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ណាសៀត អូស្មាន ប្រធាន CMYA បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបដិភាគពេលវេលា ចំណេះដឹង និងធនធានផ្សេងៗ ក្នុងកិច្ចការងារដ៏មានតំលៃនេះ។

លោកបន្តថា នេះគឺជាលើកទី១ សម្រាប់ខណ្ឌឫស្សីកែវ នៃគម្រោង១ឆ្នាំ ដែលធ្វើសកម្មភាពរៀងរាល់មួយខែម្តង។ លោកថា ដោយឡែក ពុកម៉ែបងប្អូន ក្រោយទទួលបានសេវាព្យាបាល ក៏នៅតែបន្តដានសុខភាពជាប្រចាំ ដោយក្រុមគ្រូពេទ្យ ហើយការពិនិត្យព្យាបាល គឺផ្តោតសំខាន់ទៅលើជំងឺទូទៅ ជំងឺរោគស្ត្រី ទៅលើស្ត្រី និងកុមារ និងការធ្វើតេស្តឈាម រកមើលជំងឺថ្លើមប្រភេទបេ និងសេ។ ក្រៅពីការពិនិត្យព្យាបាល ក៏មានការអប់រំសុខភាព ដែលផ្តល់ជូនដោយវេជ្ជបណ្ឌិតល្បីៗ របស់យើងផងដែរ។

លោក ម៉ន គ្រីយ៉ា បាននាំមតិផ្តាំផ្ញើសាកសួរសុខទក្ខ ពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងមនោសញ្ចេតនា ការនឹករលឹកជាខ្លាំង ចំពោះពុកម៉ែបងប្អូន។ លោកក៏បានបានថ្លែងអំណរគុណដល់ មន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ ដែលបានផ្តល់ការសហការបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកពីការថែទាំសុខភាព ជាពិសេស ការការពារ នៃការឆ្លងជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះ បានបម្លែងខ្លួនជាទម្រង់ថ្មី ងាយឆ្លង និងគ្រោះថ្នាក់បំផុត។

ក្នុងពិធីនេះផងដែរ គណកម្មការសុខាភិបាល CMYA បានប្រគល់រទេះ ២គ្រឿង ជូនបងប្អូនពិការ ២នាក់ ថវិកា២០ម៉ឺនរៀល ដល់យុវជន CMYA រាជធានីភ្នំពេញ និង១៩ម៉ឺនរៀល សម្រាប់ប្រជាការពារផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានធ្វើសកម្មភាពជាច្រើនកន្លងមកហើយ ពាក់ព័ន្ធនឹងថែទាំសុខភាពជូន ពុកម៉ែបងប្អូន នៅតាមមូលដ្ឋាននានា ជាពិសេសបច្ចុប្បន្នក្រុមគ្រូពេទ្យ CMYA កំពុងតែធ្វើសកម្មភាពជាប្រចាំនៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕