(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់កម្ពុជានាកំលុងខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកស្រី បានឱ្យដឹងថា ដំណាក់កាលដំបូងនេះចិននឹងបញ្ជូនវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស មកដល់កម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ស៊ីណូហ្វាម គឺជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ ៧៩.៣៤ភាគរយ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានដាក់ឱ្យអង្គការសុខភាពពិភពលោក (WHO) ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។

លោកស្រី បានបន្ថែមថា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ការចាក់វ៉ាក់សាំងនេះ តម្រូវឱ្យចាក់ចំនួនពីរដូស ហើយគម្លាតរយៈពេលពីដូសទី១ ទៅដូសទី២ មានរយៈ ២១ថ្ងៃ។

បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ត្រូវបានប្រើប្រាស់ជាង ២២៣លានដូសហើយ នៅលើប្រទេសជាច្រើននៅលើពិភពលោកទាំងនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទិន និងអឺរ៉ុបផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «បើយើងមើលទៅលើប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន និយាយដោយឡែកសម្រាប់ស៊ីណូហ្វាប៉េជីងនេះ គឺប្រសិទ្ធភាពវា ៧៩.៣៤ភាគរយ។ ហើយបើយើងនិយាយពីស្តង់ដារ ដែលអង្គការសុខភាពពិភពលោកគេបានកំណត់សម្រាប់វ៉ាក់សាំងជារួម ហើយក៏ដូចសម្រាប់វ៉ាក់សាំងកូវីដ១៩ដែរនេះ ឱ្យតែវ៉ាក់សាំងដែលអភិវឌ្ឍទៅប្រសិទ្ធភាពវាពី ៧០ភាគរយឡើងលើ គឺគេកំណត់យកជាការបានហើយ។ អ៊ីចឹងវាស្ថិតនៅក្នុងកម្រិតមួយ ៧៩.៣៤ភាគរយ វាស្ទើរតែ ៨០ភាគរយហើយ។ វាជាលទ្ធផលមួយដែលអាចទទួលយកបាន ហើយទន្ទឹមនឹងនោះស៊ីណូហ្វាមប៉េជីងនេះ គាត់ក៏បានរៀបចំឯកសារបទដ្ឋានគតិយុត្តិផ្សេងៗ ឯកសារពាក់ព័ន្ធផ្សេងៗ បានដាក់ជូនទៅអង្គការសុខភាពពិភពលោក ដើម្បីឱ្យគេមានការពិនិត្យ ធ្វើការវិភាគ និងធ្វើការទទួលស្គាល់»

លោកស្រីបានបញ្ជាក់បន្ថែមថា «បច្ចុប្បន្ននេះគេកំពុងតែប្រជុំគ្នា ក្រុមការងារវាយតម្លៃទៅលើវ៉ាក់សាំងហ្នឹង គឺគេកំពុងតែប្រជុំគ្នាហើយ ដើម្បីធ្វើការវាយតម្លៃ។ អ៊ីចឹងយើងគិតថាមិនយូរមិនឆាប់អង្គការសុខភាពពិភពលោកនឹងអាចបញ្ជាក់ហើយ។ ឥឡូវទោះអត់ស្ថិតក្នុងការទទួលស្គាល់ តែអង្គការសុខភាពពិភពលោក បានទទួលយកមកធ្វើការវាយតម្លៃហើយ ហើយគេក៏នឹងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់»

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មិនទាន់មានសេចក្តីរាយការណ៍ថា មានបញ្ហាក្រោយចាក់ទៅលើមនុស្សនៅឡើយនោះទេ។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ក្រៅតែពីការទទួលបានវ៉ាក់សាំងពីចិនហើយនោះ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើទៅរដ្ឋាភិបាលចិនផ្តល់អ្នកជំនាញបច្ចេកទេសលើការប្រើប្រាស់វ៉ាក់សាំងនេះមកកម្ពុជា ដើម្បីជួយដល់ដំណើរការនៃការចាក់វ៉ាក់សាំងនាពេលខាងមុខផងដែរ។

វ៉ាក់សាំង គឺជាមធ្យោបាយដែលផ្តល់ក្តីសង្ឃឹមដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋលើពិភពលោកពីជំងឺកូវីដ១៩ និងជួយស្តារស្ថានភាពសេដ្ឋកិច្ច ឱ្យប្រសើរឡើងវិញផងដែរ។ លោកស្រី ឱ វណ្ណឌីន ក្នុងបទសម្ភាសន៍ជាមួយ Fresh News បានវាយតម្លៃខ្ពស់ចំពោះសមានចិត្តរបស់រដ្ឋាភិបាលចិន។ លោកស្រី បានហៅជំនួយវ៉ាក់សាំងរបស់ចិននាពេលនេះ គឺជាស្មារតីនៃការជួយដល់មនុស្សជាតិ។ ជាជំនួយកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំចិន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានប្រកាសវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មកដល់កម្ពុជាចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះមុនគេនៅពេលវ៉ាក់សាំងមកដល់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ហើយថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត៕