(តាកែវ)៖ កំណើនបងប្អូនជនមានពិការភាពមានឱកាស បានចូលបំរើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជន មានការបានកើនឡើងរហូតដល់ជាង១ម៉ឺននាក់នៅក្នុងឆ្នាំ២០២០ បើប្រៀបធៀប និងឆ្នាំ២០១៩ កន្លងមកដែល មានជនពិការចូលបំរើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជនមានចំនួនជាង៦ពាន់នាក់ប៉ុណ្ណោះ ។ 

នេះបើយោងតាមលោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាភាពជនពិការ នៃក្រសួងសង្គមកិច្ច យុវនិតិសម្បទា និងអតីតៈយុទ្ធជន ដែលបានថ្លែងនៅក្នុងពិធីផ្ដល់របបគោលនយោបាយ និងប័ណ្ណសមធម៌ របស់រាជរដ្ឋាភិបាល ជូន ដល់បងប្អូនជនពិការក្រីក្រជាង២០០នាក់នៅក្នុងស្រុគគីរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១នេះ ។

លោក យៀប ម៉ាលីណូ បានថ្លែងបន្តថា ក្នុងចំណោមជនពិការភាពប្រមាណ៥២ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា បានចូលបំរើការងារក្នុងក្រសួង ស្ថាប័នរបស់រដ្ឋ និងវិស័យឯកជនចំនួនជាង១ម៉ឺននាក់ក្នុងឆ្នាំ២០២០ ដែលកើនឡើងដល់ជាង២ភាគរយ បើប្រៀប ធៀប និងឆ្នាំ២០១៩ កន្លងមក ដែលមានជនពិការចំនួនជាង៦ពាន់នាក់ប៉ុណ្ណោះ ឬប្រមាណ១,៩៥ភាគរយ បាន ចូលបំរើការងារនៅតាមស្ថានប័នរដ្ឋ និងវិស័យឯកជន។

លោកប្រធាននាយកដ្ឋានសុខុមាភាពជនពិការ នៃក្រសួងសង្គមកិច្ច យុវនិតិសម្បទា និងអតីតៈយុទ្ធជនបានថ្លែង បន្តថា ក្រៅពីកិច្ចខិតខំប្រឹងប្រែង និងជួយលើកកម្ពស់ជីវភាពជនមានពិការភាពដែលក្រីក្រតាមរយៈគោលនយោបាយ និងយន្តការនានា រាជរដ្ឋាភិបាលក៍តែងតែបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយធ្វើយ៉ាង ណាបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យចូលបំរើការងារក្នុងស្ថាប័នរដ្ឋ ក្នុងក្រសួងនីមួយៗអោយបាន២ភាគរយ តាមច្បាប់ដែលបានចែង និងវិស័យឯកជនអោយបាន១ភាគរយក្នុងក្រុមហ៊ុននីមួយៗផងដែរ។

បើតាមលោក យៀប ម៉ាលីណូ បើទោះបីជាប្អូនជនពិការបានចូលបំរើការងារក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋមានការ កើនឡើងយ៉ាងណាក៏ដោយ ក៏បងប្អូនជនពិការនៅជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសកត្តាចំណេះដឹង និងគ្មាន ជំនាញវិជ្ជាជីវៈច្បាស់លាស់ដែលបញ្ហាប្រឈមទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ចបាន ដាក់ចេញនូវផែនការយុទ្ធសាស្រ្តដើម្បីធ្វើយ៉ាងណាជួយដល់បងប្អូនពិការភាពអាចទទួលបានការអប់រំបានខ្ពង់ខ្ពស់ និងជួយបង្រៀនជំនាញវិជ្ជាជីវៈពិតប្រាកដដែលងាយស្រួលក្នុងការប្រកបការងារ៕