(ភ្នំពេញ)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តទទួលគោរពងារ «ព្រះរាជាគណៈកិត្តិយស» ពីព្រះសម្តេចពោធិវង្ស័ អំ លឹមអេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំពុទ្ធបរិស័ទ៩នាក់ទទួល «មេដាយមាសស្ថាបនាជាតិ» ពីសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបុទុវតី។

ពិធីនិមន្តទទួលគោរពងារ «ព្រះរាជាគណៈកិត្តិយស» និងពិធីទទួល «មេដាយមាសស្ថាបនាជាតិ» បានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ និងដោយមាន ការនិមន្តចូលរួមពីព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស ព្រះគ្រូអនុគុណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គនាក់ផងដែរ។

ពុទ្ធបរិស័ទទាំង៩នាក់ ដែលទទួលបាន «មេដាយមាសស្ថាបនាជាតិ» ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការបំពាក់ដោយផ្ទាល់ពីសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នេះ ដោយសារកន្លងមកបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ស្ថិតនៅឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕