(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ការអប់រំកូនចៅឲ្យប្រកបដោយគន្លងធម៌មានការអប់រំខ្ពស់ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប។ តែសម្តេចតេជោ បានធ្វើការកត់សម្គាល់ថា ឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍ តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍។

នៅលើទំព័រ Facebook នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជាចលនទ្រព្យឬជាអចលនទ្រព្យជារឿងមួយ តែការចែកតម្រិះវិជា្ជសំខាន់​ជាងចែកទ្រព្យសម្បតិ្តទៅទៀត។ លុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះ ឬបាត់បង់។ល។ តែតម្រិះវិជ្ជាមិនអាចមានអ្នកណាលួចប្លន់ ឬបំផ្លាញបានឡើយ។ មាតាបិតា ឬអាណាព្យាបាល​មិនថាមានឬក្រនៅទីក្រុង ឬជនបទត្រូវខិតខំជំរុញកូនចៅឲ្យរៀនសូត្រ។

ទន្ទឹមនេះសម្តេចតេជោ ក៏បានលើកបង្ហាញពីកង្វល់ក្នុងការអប់រំកូនចៅរបស់ពលរដ្ឋកម្ពុជា ដោយសម្តេចលើកឡើងថា មានឪពុក ម្តាយមួយចំនួនបំផ្លាញកូនចៅខ្លួនឯង ដោយសារសកម្មភាពមិនគប្បី ដែលសង្គមស្អប់ខ្ពើម។

សម្តេចតេជោថ្លែងបញ្ជាក់ដូច្នេះ «រឿងដែលគួរឱយកត់សំគាល់នូវពេលនេះ គឺឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍​តែកូនខ្លួនឯងរំលោភ​ច្បាប់​ចរាចរណ៍។ល។ ហើយរឿងដែលសំខាន់ជាងទៀត គឺឪពុកឬម្តាយបំផ្លាញអនាគតកូនខ្លួនឯងតាមរយៈ​សកម្មភាពមិនគប្បីដែលសង្គម​ស្អប់ខ្អើមដូចជាល្បែង​សុីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សហាយស្មន់។ល។ដែលធ្វើឱយកូនៗកំពុងរៀនបាក់ទឹកចិត្ត​និងខ្មាស់អៀន»

សម្តេច​នាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់អាណាព្យាបាលខិតខំទាំងអស់គ្នាដើម្បីជាតិរុងរឿង គ្រួសារមានសុភមង្គល កូនចៅមានចំណេះដឹង និងមានគុណធម៌ខ្ពស់៕