(បន្ទាយមានជ័យ)​៖ ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដំឡូង បុក​នឹង​រថយន្ត​មួយគ្រឿង កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៦ លើ​កំ​ណាំ​ត់​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ភ្នំ ស្ថិត​ក្នុងស្រុក​ព្រះនេត្រព្រះ នៃ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មេបញ្ជាការរង​កងពល​តូច​ថ្នើ​រ​ជើង​លេខ​៥១​ បាន​ស្លាប់​នៅក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម​។​

​លោក មាស រិទ្ធី អធិការ​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ឲ្យ​ ភ្នាក់ងារ Fresh News ដឹងតាមរយះទូរស័ព្ទ ថាជនរងគ្រោះ​មានឈ្មោះ ហ៊ុល ប៊ុនធឿន ជាមេបញ្ជាការរង​កងពល​តូច​ថ្នើ​ជើង​លេខ​៥១​។ លោក​បាន​បន្តថា  ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង ខណៈដែល​ជនរងគ្រោះ​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក កាមរី​ឆ្លាម ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2F-3053 ធ្វើដំណើរ​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដំឡូង​១​គ្រឿង​ទៀត​ម៉ាក ហ៊ី​ណូ ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ 3A-2846 ទិសដៅ​បញ្ច្រាស​គ្នា បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ បុក​គ្នា​ជាមួយ​រថយន្ត​កាមរី និង​ក្រឡាប់ចាក់​ដំឡូង​សង្កត់​លើ​រថយន្ត​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​ដែលជា​ជនរងគ្រោះ​ស្លាប់​ក្នុង​រថយន្ត​តែម្តង​។ រីឯតៃកុងរថយន្តដឹកដំឡូងបានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ច​ជំនាញ​ទៅដល់កន្លែងកើតហេតុ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​អូស​សាកសប​ជនរងគ្រោះ​ចេញមកក្រៅ រួច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត​ទាំង ២​គ្រឿង បាន​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមច្បាប់​បន្ត​ និងស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយនាពេលក្រោយ៕