(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

នៅក្នុងលិខិតសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។

លោក វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន កន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរ ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។

លោករដ្ឋមន្ត្រីកសិកម្ម បានរៀបរាប់ជូនសម្តេចតេជោទៀតថា ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ។

លោក វេង សាខុន បានសង្កត់ធ្ងន់ថា ទីតាំងខ្លះដែលគេបានទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។

ជាមួយការរៀបរាប់ពីសកម្មភាពទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជននេះ លោក វេង សាខុន បានស្នើទៅកាន់សម្តេចតេជោ ហ៊ុន សែន ចំនួន៤ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃការរំលោភកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត។ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ។ សំណើទាំង៤ចំណុចនេះរួមមាន៖

១៖ រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ។

២៖ រដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ៖ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ, ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របគាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន, ចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតីលើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៣៖ រដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។

៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាព ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញនៅជាធរមាន។

សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពរាល់សំណើទាំង៤នេះផងដែរ។ យោងតាមប្រភពព័ត៌មានក្រោយមានសំណើនេះ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំដើម្បីអនុវត្តន៍នីតិវិធីទាំងអស់នេះផងដែរ។

សូមបញ្ជាក់ថា ការរំលោភទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនមែនជារឿងថ្មីនោះឡើយសម្រាប់ខេត្តខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០២០ ក៏មានការសើរើលើករណីរំលោភទន្ទ្រានដីជានៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមាផងដែរ។ កាលនោះជនពាក់ព័ន្ធនឹងការចេញលិខិតលក់ទិញដីទាំងនេះ បានរងការពិន័យ ហើយក្នុងនោះអភិបាលស្រុកកោះញែកលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានដកហូតតំណែងផងដែរ៕