(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧៖៥៤នាទីព្រឹក ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F18) មូលហេតុបណ្តាលមកពីការដ្ឋានសាងសង់អាគារប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២)ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា (៣)ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៥)ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៦)សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០៩៖០៥នាទីព្រឹក។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕