(មណ្ឌលគិរី)៖ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦រូប ទទួលបានបណ្ណសរសើរមេត្រីភាព ពីក្រសួងបរិស្ថាន ក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស ០៣រូប បំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀត បំពេញការងារយ៉ាងសកម្ម ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។

ពិធីប្រគល់នេះបានធ្វើឡើងក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង ០៦រូប ដោយផ្ទាល់នៅទីស្នាក់ការត្រពាំងធ្មៀរ ក្នុងដែនជម្រកសត្វព្រៃស្រែពក នាឱកាសលោកដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ចុះធ្វើទស្សនកិច្ចស្វែងយល់ពីសក្ដានុពល នៃដែនជម្រកសត្វព្រៃស្រែពក រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីប្រគល់បណ្ណមេត្រីភាពបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា បណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏មោះមុត ក្នុងការបំពេញការងារការពារធនធានធម្មជាតិ នៅកម្ពុជា។

អ្នកនាំពាក្យរូបនេះ ក៏បានថ្លែងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សដទៃទៀត ដែលកំពុងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដោយមិនរុញរានៅក្នុងភារកិច្ចរបស់ខ្លួន នៅក្នុងដែនជម្រសត្វព្រៃស្រែពក និងភ្នំព្រេច និងតំបន់ការពារធនធានធម្មជាតិទាំងអស់ បើទោះបីពេលនេះពួកគាត់មិនទទួលបានបណ្ណសរសើរ តែក៏មិនត្រូវដាក់ដៃចុះនោះទេ ត្រូវខិតខំបំពេញការពារបន្ថែមទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ និងជីវចម្រុះដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ឱ្យស្ថិតស្ថេរជានិរន្ត។

ក្រៅពីទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបានបណ្ណសរសើរពីអង្គការ WWF ផងដែរ។

បើតាមលោក ប៉ែន ភក្រ្តា នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក បានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សចំនួន៥១នាក់ សត្តរក្សចំនួន ៤៦នាក់ និងក្រុមល្បាតសហគមន៍ចំនួន ៥៨៨នាក់ បានបង្កើនសមត្ថភាព និងសកម្មភាពចុះត្បាត និងការពារធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក ដែលមានផ្ទៃដីសរុបប្រមាណ ៦ម៉ឺនគីឡូម៉ែត្រការ៉េ។ សកម្មភាពអនុវត្តច្បាប់មានដូចជា៖ ការបង្ហោះដ្រូនសម្រាប់ការឈ្លបយកព័ត៌មាន និងជំនួយដល់ការល្បាត គួបផ្សំការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើនការដោះអន្ទាក់ និងបង្រ្កាបការកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារ។

បើតាមលោក មិន ធឿន ដែលជាមន្ត្រីឧទ្យានុរក្សឆ្នើម ១រូប នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេក និងទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន បានឱ្យដឹងមុននឹងលោកចូលមកបម្រើការងារជាមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន លោកនឹងមន្ត្រីមួយចំនួន បានប្រកបមុខរបរដើរបរបាញ់សត្វព្រៃ និងការឈើ ចំពោះមុខរបរនេះ មិនបានធ្វើឱ្យជីវភាពរបស់គ្រួសារលោកបានធូរធានោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យលោករស់ នៅដោយខ្លាចច្បាប់ទៅវិញ។

លោក មិន ធឿន បានបន្តថា ក្រោយគិតពិចារណា ចំពោះកំបុសរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងទៅ លោកក៏សម្រេចចិត្តបោះបង់មុខរបរបរបាញ់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិ មិនអាចកាត់ថ្លៃនេះបានដោយមកចូលបម្រើការងារ ជាអ្នកការពារសត្វព្រៃ និងធនធានធម្មជាតិ រហូតធ្វើឱ្យលោកស្រឡាញ់សត្វព្រៃផងដែរ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១,២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧,៥៨៨លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន ២៤,០៤៨លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣,៥៤០លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្ស ដែលជាមន្ត្រីនគរបាលយុត្តិធម៌ បានបង្ក្រាបបទល្មើសបានចំនួន ៨,៩១៧ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥,៤៧៥ករណី គឺមានការកើនឡើងចំនួន ៣,៤៤២ករណី។

គួរជម្រាបជូនថា មន្ត្រីឧទ្យានុរក្ស គឺជាបុគ្គលដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីសង្គ្រោះភពផែនដី ជីវិតមនុស្ស សត្វ និងធនធានធម្មជាតិ ដ៏មានតម្លៃជាសកល៕