(មណ្ឌលគិរី)៖ ក្នុងនាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា បានបង្ហាញការគាំទ្រដល់អង្គការ WWF ដែលបាននាំយកបច្ចេកទេសដាំម្រេចដោយប្រើជន្លង់ដើមឈើរស់ (ដើមច្រេស) ដាក់ឱ្យប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ នៅភូមិពូតាំង ឃុំពូព្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាការចូលរួមកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ។

ការគាំទ្របែបនេះរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងនៅឱកាសលោកដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានជំរុញឱ្យរកដំណោះស្រាយនៃការកាត់បន្ថយទៅលើឈើធម្មជាតិ ហើយដំណោះស្រាយដែលអង្គការ WWF ឱ្យប្រជាពលរដ្ឋដាំដើមច្រេស ធ្វើជាជន្លង់ម្រេចនេះ វាជាជម្រើសថ្មីមួយឈាន ទៅកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ។

រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា៖ «ការកាត់បន្ថយសម្ពាធទៅលើឈើធម្មជាតិនេះ គឺជាដំណោះស្រាយមួយ ហើយចំណុចមួយទៀត ដែលក្រសួងបរិស្ថាន យើងកំពុងតែជំរុញហើយ និងគាំទ្រ គឺជំរុញធ្វើម៉េចឱ្យមានការដាំចម្ការឈើដាំ អាចដកហូតយកទៅ ប្រើប្រាស់បាន ដោយមិនដកហូតឈើធម្មជាតិ»។

បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នការនេះនិន្នាការពិភពលោកគេលែងប្រើឈើធម្មជាតិ ហើយប្រជាជនចាប់ផ្តើមទទួលការអប់រំដឹងថា ការប្រើប្រាស់ឈើធម្មជាតិវាជាសម្ពាធទៅលើឈើធម្មជាតិ ដូច្នេះការវិនិយោគទៅលើចម្ការឈើដាំ គឺជាការចាំបាច់ដើម្បីកាត់បន្ថយសម្ពា ធឈើធម្មជាតិ ហើយសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមវិនិយោគទៅលើចម្ការឈើដាំដូចជាដើមប្រេងខ្យល់ ដើមអាកាស្យា ដែលប្រើរយៈពេល៥ឆ្នាំ គេអាចទទួលផលបាន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានបញ្ជាក់ថា៖ «នៅក្នុង១ឆ្នាំ ប្រទេសកម្ពុជា ត្រូវការប្រើប្រាស់ឈើទាំងឈើគ្រឿងសង្ហារឹម និងឈើប្រើប្រាស់ក្នុងវិស័យសំណង់ មានប្រមាណជាង ២លានម៉ែត្រគីប ដូច្នេះ ការប្រើប្រាស់ជន្លង់ម្រេចឈើរស់នេះ ជាផ្នែកមួយនៃការកាត់បន្ថយសម្ពាធឈើធម្មជាតិ»

ពាក់ព័ន្ធនឹងចំណុចនេះដែរ នេត្រ ភក្ត្រា បានថ្លែងអរគុណចំពោះអង្គការ WWF ដែលបាននាំមកនូវបច្ចេកវិទ្យាថ្មី នៃការដាំម្រេចដោយប្រើជន្លង់រស់ និងចង់ឱ្យពង្រីកបន្ថែមទៀត ទៅតាមបណ្តាខេត្តមួយចំនួន ដោយចាប់ផ្តើមពីខេត្តមណ្ឌលគិរី ទៅខេត្តត្បួងឃ្មុំ ក្រចេះ រតនគិរី កំពត និងនៅកែប។

លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងថា «ចម្ការម្រេចជាផ្នែកមួយ នៃការធ្វើឱ្យបាត់បង់ព្រៃរបោះ នៅក្នុងការសិក្សាចម្ការម្រេចមួយហិកតា ត្រូវការជន្លង់ប្រហែល ១,៧០០ដើម បើធៀបនឹងព្រៃដែលត្រូវយកមកធ្វើចម្ការម្រេចប្រហែលអស់ព្រៃ ៧ហិកតា ពីព្រៃរបោះ […] អ៊ីចឹង យើងត្រូវរកជម្រើសផ្សេងៗទៀត ដើម្បីធ្វើចម្ការម្រេច ដដែលតើយើងអាចបានទិន្នផលប្រហាក់ប្រហែលគ្នាដោយមិនបាច់បំផ្លាញព្រៃរបោះ ដើម្បីធ្វើជន្លង់ម្រេច»

លោក សេង ទៀក បានឱ្យដឹងថា កម្មវិធីរបស់ WWF ជួយសហគមន៍ជួយគ្រួសារដើម្បីធ្វើយ៉ាងណាឱ្យយល់ដឹងបច្ចេកវិទ្យាថ្មីអាចដើរ ទៅមុខបានហើយជួយអភិរក្សព្រៃឈើរបស់យើង។ បច្ចុប្បន្ននេះ WWF អនុវត្តគម្រោងកម្មវិធីម្រេចនេះ ចំនួន ៧០គ្រួសារ គិតត្រឹមឆ្នាំ២០២០។ គម្រោងនឹងពង្រីកបន្ថែ មចំនួន ៦០គ្រួសារទៀត ក្នុងឆ្នាំ២០២១នេះ ចំពោះគ្រួសារណាដែលគាត់ចាប់អារម្មណ៍ ទៅលើបច្ចេកវិទ្យាថ្មីនេះ ដើម្បីជួយដល់ការងារអភិរក្សឈើព្រៃ។

លោក ឆាយ ឈុនអេង កសិករដាំម្រេចដោយប្រើជន្លង់ឈើរស់ នៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាតា ខេត្តមណ្ឌលគិរី បានរៀបថា លោកសម្រេចចិត្តដាំម្រេច ដោយប្រើជន្លង់ឈើរស់ (ដើមច្រេស) ក្នុងទំហំដី ១ហិកតា។ ការងាកមកដាំម្រេចដោយប្រើជន្លង់ឈើរស់នេះបន្ទាប់ពីលោកទទួលបានការជ្រោមជ្រែងបច្ចេកទេសពីអង្គការ WWF ឃើញថាមានអត្ថប្រយោជន៍ ជួយកាត់បន្ថយការកាត់ព្រៃឈើធម្មជាតិ យកមកធ្វើជាជន្លង់ ហើយជន្លង់ឈើរស់មានមែកជួយទប់កម្តៅជំនួសការបាំងស្បៃស្លឹកវាអាចយកទៅគ្របដីធ្វើឱ្យដីមានសំណើមអាចយកធ្វើជីកំប៉ុស្តិ៍។ មិនតែប៉ុណ្ណោះស្លឹកវាអាចឱ្យសត្វពពែស៊ី ហើយយកលាមកពពែ មកដាក់គល់ម្រេចវិញបានទៀតផង។

លោក ហ៉ីង សំផូ ប្រធានគម្រោងកសិឧស្សាហកម្មម្រេច (BMZ) របស់អង្គការ WWF បានឱ្យដឹងថា មានកសិករមួយចំនួន កាត់បានប្រើប្រាស់វិធីសាស្ត្រដាំម្រេចដោយប្រើជន្លង់ឈើរស់នេះ ប៉ុន្តែ ពួកគាត់មិនទទួលបានជោគជ័យនោះទេ ដោយសារតែពួកគាត់ខ្លះបច្ចេកទេសក្នុងការដាំ។ ដោយឡែកអង្គការ WWF គឺបានឈានមុខគេលើបច្ចេកទេសដាំម្រេចដោយប្រើប្រាស់ជន្លង់ឈើរស់ (ដើមច្រេស) ដោយបច្ចេកទេសនេះ គឺនាំមកពីប្រទេសវៀតណាម ព្រោះថាកសិករនៅវៀតណាម ពួកគេបានទទួលជោគជ័យលើបច្ចេកទេសនេះរួចទៅហើយ៕