(ភ្នំពេញ)៖ សមត្ថកិច្ចចម្រុះរបស់ណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះពិនិត្យទីតាំងចែកចាយផលិតផលទឹកដោះគោលេខ១ របស់ប្រទេសជប៉ុនម៉ាក Wakodo បុន្តែបានរកឃើញថា មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំងមានលិខិតបញ្ជាក់ពីគុណភាព និងសុវត្ថិភាពធានាដោយក្រុមហ៊ុនជប៉ុជាម្ចាស់ផលិតផលថែមទៀតផង។

ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះដឹកនាំព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡងឌី កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយបានចុះពិនិត្យដល់ទីតាំងស្តុកផលិតផលទឹកដោះគោ លេខ១របស់ប្រទេសជប៉ុន Wakodo តែម្តង។

ទីតាំងស្តុកទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD មានអាសយដ្ឋានស្ថិតនៅអគារលេខ៨២៧ ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីចុះទៅដល់ទីតាំង ដោយពិនិត្យឃើញថា ក្រុមហ៊ុននេះមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំងមានលិខិតបញ្ជាក់ពីគុណភាព និងសុវត្ថិភាពដែលធានាដោយក្រុមហ៊ុនជប៉ុនដែលជាម្ចាស់ផលិតផលថែមទៀតផង ទើបសមត្ថកិច្ច និងលោកព្រះរាជអាជ្ញារង ធ្វើកំណត់ត្រាបញ្ជាក់ជាក់ស្តែង ព្រមទាំងអុនញ្ញាតឲ្យក្រុមហ៊ុននេះ ដំណើរការអាជីវកម្មជាធម្មតា៕