(ភ្នំពេញ)៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារអាមេរិក ធ្លាក់ចុះ៤៦ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សារណៈ ត្រីភាគី រវាងប្រៃសណីយ៍កម្ពុជា សមាគមពាណិជ្ជកម្មដឹកជញ្ជូន ទំនិញ និងក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី ក្នុងគោលបំណងដើម្បីពង្រឹង ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក ឲ្យកាន់តែប្រសើរឡើង។ ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក អោក បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលពីខែមីនា ទៅដល់ខែកក្កដា គឺ០ភាគរយ។ អីចឹងដាច់ឆ្នាំនេះ ចំណូលប្រៃសណីយ៍ ធ្លាក់ចុះ៤៦ភាគរយ។ ឆ្នាំ២០១៩ ទទួលបានប្រមាណ១៣លានដុល្លារ និងដាច់ឆ្នាំ២០២០ ទទួលបានតែ៦.៥លានដុល្លារប៉ុណ្ណោះ»

លោក អោក បូរ៉ា បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ចាប់ពីខែមីនា រហូតដល់ខែកក្កដា បានបិទទាំងស្រុង បញ្ញើទៅអន្ដរជាតិ ព្រោះថា ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកលើមធ្យោបាយ ក្រុមហ៊ុនដឹកជញ្ជូនអន្ដរជាតិ ហើយនៅពេលនោះ ជាពេលដែលកូវីដ-១៩ រាលត្បាលខ្លាំង ដែលធ្វើជើងហោះហើរ ត្រូវបានបិទទាំងស្រុង។

បន្ថែមពីនោះទៀត អគ្គនាយកប្រៃសណីយ៍កម្ពុជា បានអះអាងថា បើសិនជាស្ថានភាពកូវីដ-១៩ នៅតែបន្ដប្រៃសណីយ៍កម្ពុជា ប្រឈមនឹងបញ្ហាខ្លាំង ដោយសារតែកម្ពុជា ពុំទាន់មានក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការសម្រួលមធ្យោបាយដឹកជញ្ជូន ពាក់ព័ន្ធនឹងបញ្ញើ។

ចំពោះផែនការ ដើម្បីបង្កើនចំណូល ក្នុងឆ្នាំនេះ ត្រូវបានលោក អោក បូរ៉ា ប្រាប់ឲ្យដឹងថា ដើម្បីពង្រឹងចំណូលឡើងវិញ គឺមានតែស្រូបបញ្ញើ ក្នុងស្រុក ដោយពង្រឹងប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក ដូចថ្ងៃនេះ បានចាប់ដៃគូសហការ ដើម្បីពង្រឹងប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក។

លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកលើអន្ដរជាតិ ប្រមាណ៩៥ភាគរយ ដូច្នេះហើយ នៅពេលដែលបិទជើងហោះហើរ ប្រៃសណីយ៍កម្ពុជា គឺស្លាប់តែម្ដង។

លោក អោក បូរ៉ា បានបន្ថែមថា ប្រៃសណីយ៍កម្ពុជា បានខិតខំស្វែងរកភ្នាក់ងារ ដើម្បីជួយប្រមូលបញ្ញើ ក្នុងការសាងបច្ចេកទេសរឹងមាំ ក្នុងគោលបំណងពង្រីងចំណូល ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩។ លោកថា ធ្វើដូច្នេះ ប្រៃសណីយ៍កម្ពុជា នឹងអាចកើនចំណូលពី១៥ ទៅ២០ភាគរយ ក្នុងឆ្នាំ២០២១។

លោក អោក បូរ៉ា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ចំណូលក្នុងស្រុក បើសិនបើយើងពង្រឹងភ្នាក់ងារបាន ធ្វើបានស្របនឹងអ្វី ដែលបច្ចេកទេសមាន ស្របនឹងបាន សហការ ជាមួយក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកទៀត ខ្ញុំគិតថា យើងអាចកើនពី១៥ ទៅ២០ភាគរយ សម្រាប់បញ្ញើក្នុងស្រុក នៅឆ្នាំ២០២១»