(សៀមរាប)៖ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី រួមជាមួយរបស់លោក ឃឹម ប៊ុសុង អភិបាលខេត្តសៀមរាប និងមន្ត្រីអាជ្ញាធរខេត្ត មន្ត្រីអាជ្ញាធរអប្សរា មន្ត្រីនៃស្ថាប័នពាក់ព័ន្ធ យុវជន និងប្រជាពលរដ្ឋរាប់រយនាក់ បានចូលរួមក្នុងពិធីក្រុងពលីបួងសួង សុំសេចក្ដីសុខសម្រាប់ ការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នាព្រឹកថ្ងៃអាទិត្យ ១៤កើត ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានាសុទ្ធសាធ ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង១០ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី ដែលមួយផ្នែកនៃពិធីនេះ ធ្វើឡើងដើម្បីបូជាព្រះភូមិ និងមួយផ្នែកទៀតសម្រាប់បូជាស្ដេចក្រុងពាលី ។

ខាង ស.ស.យ.ក បានបញ្ជាក់ថា ៖ នេះជាលើកទីបួនហើយដែល ស.ស.យ.ក សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន និងសាធារណៈជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីខុសដុម សប្បាយរីយរាយ និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ។
ស.ស.យ.ក បានបញ្ជាក់ទៀតថា ៖ ព្រឹត្តិការណ៍នេះ ក៏នឹងផ្ដល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ផូរផងរបស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះលើឆាកអន្តរជាតិទៀតផង ។
ស.ស.យ.ក បានបន្ថែមថា ៖ បន្ទាប់ពីពិធីក្រុងពលីនេះទៅ ក្រុមការងារអង្គរសង្ក្រាន្ដឆ្នាំ២០១៦ នឹងចាប់ផ្ដើមការដ្ឋានសាងសង់ ក៏ដូចជាហ្វឹកហាត់សម្ដែងនានា តាមតួនាទី និងភារកិច្ចតម្រូវ ដើម្បីត្រៀមខ្លួនបង្ករបរិយាកាសសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ៕