(ព្រៃវែង)៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផលខាងវិស័យកសិកម្ម ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការផលិតស្រូវ ក្នុងនោះក៏ជាខេត្តដែលមានការដាំដុះដំណាំបន្លែ ចិញ្ចឹមសត្វធ្វើឲ្យមានការចាប់អារម្មណ៍ពីក្រសួងដែលពាក់ព័ន្ធដូចជាប្រជាពលរដ្ឋផងដែរ។

លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យភ្នាក់ងារ Fresh Newsដឹងនៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ នេះ ថាបច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែប្រមូលផលស្រូវប្រាំង និងបន្លែជាច្រើនមុខដោយគិតត្រឹមខែមករានេះ ការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម បានចំនួន១១១,៧៩៤ តោន ហើយតម្លៃស្រូវក៏មានតម្លៃសមរម្យដែរ។

លោកបានបញ្ជាក់ថាល្បឿនបង្កបង្កើនផលស្រូវប្រាំង គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ព្រួសបានសរុប ៨៩,៧០៣ហិកតា ស្រូវស្រាល ៨៩.៧០៣ ហិកតា គិតជាភាគរយ១១៩.៦០ % ក្នុងនោះល្បឿនប្រមូលផលស្រូវប្រាំងគិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ប្រមូលផលសរុប ១៥,៣១៧ ហិកតា បរិមាណផល៦៨,៥០៣ តោន ទិន្នផលមធ្យម ៤.៤៧២តោន គិតជាភាគរយ ១៧.០៨ %។

លោកបានបន្តថា ចំណែកល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងដំណាំសាកវប្បកម្ម អនុវត្តន៍សរុប១,១៥៣ ហិកតា បន្លែគ្រប់មុខ ១,០៩២ហិកតា ម្ទេស១៨ហិកតា។ ដំណាំឧស្សាហកម្ម អនុវត្តន៍សរុប ៥,១២៤ហិកតា ពោតក្រហម ៣,២៩១ ហិកតា ដំឡូងមី ៧៣៥ ហិកតា សណ្ដែកបាយ ៦១៦ ហិកតា សណ្ដែកដី ៣០៥ ហិកតា ល្ង១៩ ហិកតា អំពៅ១២៨ហិកតា ឈូក៣០ហិកតា។ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងប្រមូលផលសរុប ៧,១៤០ តោន បន្លែគ្រប់មុខ៧,១៤០តោន។

លោកបន្ដថាតម្លៃស្រូវ IR504 បានតម្លៃ ១,១០០ រៀល និងស្រូវ OM5451 ១,១០០ រៀល រីឯបន្លែវិញស្ពៃសាលាដ មានតម្លៃចាប់ពី៨០០ ទៅ១៥០០ រៀល ត្រប់ ២៥០០រៀល ក្នុង១គីឡូក្រាម ប៉េងប៉ោះ៣៥០០រៀល ម្ទេស ផ្លោក ៣៥០០រៀលផងដែរ។

សូមបញ្ជាក់ថា រាជដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងជាពិសេសដើម្បីប្រែក្លាយវិស័យនេះពីកសិកម្មបែបយថាផល ឈានទៅធ្វើកសិកម្មតាមប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈកសិ-ពាណិជ្ជកម្ម៕