(វ៉ាស៊ីនតោន)៖ លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ នៅតាមបណ្តារដ្ឋ នីមួយៗរបស់អាមេរិកនោះ កាន់តែគួរឲ្យរំភើបពីមួយតំណាក់កាលទៅមួយតំណាក់កាលហើយ ដោយនៅចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំភ៍ (Donald Trump) បានឈ្នះឆ្នោតនៅរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ស្របពេលដែលលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ទទួលបានជោគជ័យដូចគ្នានៅរដ្ឋ ណេវ៉ាដា (Nevada)។

សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះទៀតថា ការប្រកួតនៅក្នុងគណបក្ស ប្រជាធិបតេយ្យខ្លួន​ឯង លោកស្រី គ្លីនតុន បានយកឈ្នះលើសមាជិកព្រឹទ្ធមួយរូបគឺលោក ប៊ែរនី សេនដឺស៍ (Bernie Sanders) ក្រោយការតស៊ូមតិដ៏ខ្លាំងក្លាមួយនៅរដ្ឋ ណេវ៉ាដា។ ដោយឡែកលោក ត្រាំភ៍ វិញបានយកឈ្នះទៅលើអភិបាលរដ្ឋតិចសាស់ លោក ហ្សេប ប៊ូស (Jeb Bush) ដែលជាប្អូនបង្កើតរបស់អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប់ប៊ែលយូ ប៊ូស (George W Bush)។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ នឹងមានការប្រកួតប្រជែងនៅតាមបណ្តារដ្ឋមួយចំនួនទៀត ដើម្បី ស្វែងរកបេក្ខជន ដែលត្រូវទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលវានឹងក្លាយជាព្រឹត្តិការណ៍ ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំ ២០១៦ នេះ៕