(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្ដីពី នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមប្រកាស របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់នីតិវិធី ក្នុងការស្នើសុំលិខិតអនុញ្ញាតបង្កើត និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ សិប្បកម្ម កែច្នៃកៅស៊ូ ឬឈើកៅស៊ូ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូ សំដៅលើកកម្ពស់គុណភាពកៅស៊ូ និងឈើកៅស៊ូ។

ក្រសួងបានបន្ថែមទៀតថា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងបង្កើតរោងចក្រកែច្នៃកៅស៊ូ ឬកៅស៊ូ ត្រូវមានឯកសារតម្រូវដូចខាងក្រោម៖

១៖ ពាក្យស្នើសុំអនុញ្ញាតបង្កើតរោងចក្រកែច្នៃកៅស៊ូ ឬឈើកៅស៊ូ (មានគំរូ)។
២៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។
៣៖ ប្រវត្តិរូបសង្ខេបរបស់ម្ចាស់រោងចក្រមានបិទរូបថត ៤x៦ មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
៤៖ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និងប័ណ្ណប៉ាតង់។
៥៖ របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព។
៦៖ គំនូសបង្ហាញទីតាំង ប្លង់រួម ប្លង់អគារ និងគំនូសបំព្រួញខ្សែច្រវាក់ផលិតកម្ម។
៧៖ របាយការណ៍វាយតម្លៃ ផលប៉ះពាល់បរិស្ថាន និងសង្គមចេញដោយអាជ្ញាធរមានសមត្ថកិច្ច (មានគំរូ)។
៨៖ កិច្ចសន្យាជួលទីតាំង ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាប្រកាស របស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖