(សៀមរាប)៖ ស្ពានតាអោង ឬតាអុង មានអាយុកាលជិត៩០០ឆ្នាំមកហើយ ខណៈសព្វថ្ងៃនេះមានសភាពទ្រុឌទ្រោមខ្លាំង ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ ទើបទទួលបានការជួសជុលលើកដំបូងដោយជំនាញអាជ្ញាធរជាតិអប្សរា។

ស្ពានតាអោង ឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣ លើដងផ្លូវបុរាណពីអង្គរទៅប្រាសាទព្រះខ័នកំពង់ស្វាយ។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោង បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាចាប់ផ្តើមគម្រោងជួសជុលដំណាក់កាលទីមួយនេះ ចំនួនពីរចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។

នៅចំពោះមុខនេះ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។

ស្ពានតោអោង ឬតាអុងមានបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន ១៤ ខណៈរន្ធត្រដេវនីមួយៗមានទទឹងប្រវែង ២ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល ៩ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។

បើតាមលោក ពុទ្ធ សុទ្ធ គេពុំដឹងច្បាស់ថា ស្ពានបុរាណនេះចាប់ផ្តើមកសាងឡើងក្នុងរជ្ជកាលព្រះមហាក្សត្រអង្គណានោះទេ គឺគ្រាន់តែដឹងជាទូទៅថា ស្ពាននេះសាងឡើងក្នុងសម័យអង្គរ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថាស្ថិតក្នុងរចនាប័ទ្មបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចាប់ពីគ្រិស្តសករាជ ១១៨១-១២២០។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់។ ការចំណាយលើគម្រោងជួសជុលស្ពានបុរាណនេះ ជាថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខ៕