(ព្រះសីហនុ)៖ នាចុងសប្តាហ៍នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានរួមដំណើរជាមួយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈតិភូ បានជួបសំណេះសំណាល ពិនិត្យថែទាំគ្រឿងសម្ភារបច្ចេកទេស និងជីវភាពរស់នៅរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់កងទ័ព និងពិនិត្យការងារមូលដ្ឋានសមុទ្ររាម។​

លោក វង្សី វិស្សុត បានថ្លែងថា​ នេះគឺជាស្មារតីការងារដែលបានមកជួបសំណេះសំណាល សួរសុខទុក្ខកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមជាថ្មីម្តងទៀត ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់កងទ័ព និងពិនិត្យការងារនៅមូលដ្ឋានសមុទ្រ ក្នុងការស្វែងយល់ពីតំរូវការ និងដោះស្រាយតាមលទ្ធភាពជាបន្តបន្ទាប់។ នេះគឺជាគិតគូរនិងការខិតខំគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលសំដៅធ្វើឱ្យជីវភាពរស់នៅ និងសមត្ថភាពរបស់កងទ័ពមានលក្ខណៈល្អប្រសើរជាលំដាប់ក្នុងការបម្រើជាតិ។

ឧត្តមនាវាឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម បានគោរពថ្លៃងអំណរគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងការហ្វឹកហ្វឺនរបស់កងទ័ពតាមរយៈការតំឡើងប្រាក់បៀវត្សរ៍ និងប្រាក់របបផ្សេងៗ ព្រមទាំងផ្តល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់អំណោយផ្សេងៗដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម៕