(បន្ទាយមានជ័យ)៖ អាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនអ្នកចែកចាយ គ្រឿងញៀន២នាក់ និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៩គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកក១កញ្ចប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលសមត្ថកិច្ចចុះល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ចំណុចក្នុងបរិវេនស្ថាននីយ៍រថភ្លើង ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យភ្នាក់ងារ Fresh Newsថា សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន និងឆែកឆេរភ្លាមៗតែម្ដង ដោយរកឃើញថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន១៩គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក១កញ្ចប់ ចំពៀមកៅស៊ូ១ និងទូរស័ព្ទដៃ២គ្រឿង រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួន ទី១ ឈ្មោះ មឿន សំណាង អាយុ៣២ឆ្នាំ និងទី២ឈ្មោះ ឈី ចន្ថា អាយុ២៨ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីបានធ្វើការសាកសួររួចមក ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានចែកចាយគ្រឿងញៀនពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាងសំណុំរឿង ជនសង្ស័យទាំង២នាក់ និងវត្ថុតាងបញ្ជូនទៅកាន់ តុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕