(ព្រះសីហនុ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពីធីបញ្ចូលសមាជិកសមាគម សិស្សនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម តឫ AMT) ប្រចាំខេត្តព្រះស៊ីហនុ ចំនួន១៣៧នាក់ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត ប្រធានសមាគម អ ម ត ឫ AMT បានស្នើឱ្យសិស្សនិស្សិត ប្តេជ្ញាចិត្តរៀនសូត្រឱ្យចប់ដើម្បី អនាគត ដ៍វែងឆ្ងាយ។

លោក ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតជាសមាគម អ ម ត ឫAMT នេះគឺជាការបង្កឱកាសឱ្យសិស្ស និស្សិត និងគណៈកម្មាធិការ សមាគមកាន់តែខិតជិតគ្នា ក្នុងគោលបំណងជួយឱ្យប្អូនៗ បានរៀនចប់និងទទួលបានការងារផ្សេងៗព្រោះការបង្កើត សមាគមសម្រាប់យើងទាំងអស់គ្នា ហើយត្រូវការចូលរួមពីយុវជន និងដោះស្រាយនូវតំរូវការផ្សេងៗ ទៅតាមលទ្ធភាព។

លោកបានបញ្ជាក់ថា ការដែលនិស្សិតមានឱកាសរៀនសូត្រ នៅមហាវិទ្យាល័យគឺជាមោទនភាពរបស់គ្រួសារ ដែលមិនមានឱកាសបានរៀនសូត្រប្អូនៗ ក្មួយៗនាពេលបច្ចុប្បន្ននេះ ដូច្នេះសិស្ស និស្សិតត្រូវខិតខំតស៊ូរៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងធ្វើអំពើល្អ និងចូលរួមធ្វើសកម្មភាពសង្គមផ្សេងៗដើម្បីសក្តានុពលនិស្សិត។

លោក យន្ត មីន អភិបាលខេត្តព្រះស៊ីហនុ បានថ្លែងថា មនុស្សជំនាន់មុន មិនមានឱកាសរៀនសូត្រ ដូចយុវជនបច្ចុប្បន្ន ប៉ុន្តែវាមិនសំខាន់រៀនបានតិច ឫច្រើននោះទេ សំខាន់គឺ មានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសង្គម។ ដូច្នេះយុវជនទាំងអស់អស់ត្រូវខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវប្រកាន់សេចក្តីត្រូវការរបស់សង្គម គឺសមត្ថភាព ចរិតឫកពារ និងគុណធម៌។ លើសពីនេះ យុវជនត្រូវស្គាល់តួនាទីចូលរួមធ្វើកិច្ចការសង្គម និងត្រូវចូលរូមការពារ សន្តិភាពដែលសម្តេចតេជោ ខិតខំស្វែងរកដោយលំបាក ព្រោះបទពិសោធន៍ បានបង្រៀនយើងឱ្យដឹងពីការផ្លាស់ប្តូរ ពីរបបមួយទៅរបបមួយ គ្មានអ្វីក្រៅពីការបំផ្លាញជាតិ។

បន្ទាប់មក តំណាងសិស្ស និស្សិតសមាគមអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំខេត្តស្វាយរៀង និងព្រៃវែងបានប្តេជ្ញាចិត្ត ស្រឡាញ់រាប់អាន ចេះជួយគ្នានិងខិតខំរៀនសូត្រឱ្យ គោរពវិន័យ សាលាទទួលប្រសិទ្ធភាព និងគុណភាពដើម្បីអនាគតដ៍ ប្រសើរនាពេលខាងមុខ និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហារូបកណ៍ដល់ពួកគេ៕