(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថាខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ,ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងនាមជាសេនាធិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តពោធិ៍សាត់។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀមឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»

បើទោះបីជាយ៉ាងណា ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕