(ភ្នំពេញ)៖ ក្រុមកម្មករសំណង់នៅបូរី Mekong Royal ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានផ្ទុះហិង្សារហូតទៅដល់ការដុតបំផ្លាញម៉ូតូ ចំនួន២គ្រឿងរបស់ ក្រុមសន្តិសុខ ដោយសារតែខឹងក្រុមសន្តិសុខ ទៅហាមកុំឲ្យពួកគេ ផឹកស្រានៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ថា ខណៈឃើញក្រុមកម្មករកំពុងតែផឹកស្រា ក្រុមសន្តិសុខ ក៏ទៅប្រាប់កុំឲ្យផឹកស្រាប់តែភាគីទាំង២ បានកើតជម្លោះ រហូតប្រើ អំពើហិង្សា ហើយនាំឲ្យក្រុមកម្មករនាំគ្នា ផ្ទុះការតវ៉ាកាន់តែខ្លាំងឈានទៅដល់ ការដុតម៉ូតូចំនួន២គ្រឿង របស់ក្រុមសន្តិសុខទៀតផង។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មានក្រុមកម្មករ ប្រមាណ១០០នាក់ បានចេញមកតវ៉ា ដោយទាមទារចំនួន២ចំណុច រួមមានទី១ ទាមទារឲ្យក្រុមហ៊ុន នាំយកសន្តិសុខ ដែលប្រើហិង្សាលើកម្មករ០៣នាក់ មកទទួលខុសត្រូវ និងទី២ ទាមទារសុំផឹកស្រា នៅរោងស្នាក់នៅពេលចប់ម៉ោងធ្វើការ។

ក្រោយមានការហេតុការណ៍នេះ កើតឡើងម្ចាស់បូរី និងតំណាងកម្មករ បានជួបដោះស្រាយគ្នាភ្លាមៗ រហូតក្រុមកម្មករ ទាំងអស់ បានរំសាយទៅវិញនៅល្ងាចថ្ងៃដដែលនេះ៕