(ភ្នំពេញ)៖ ដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) គម្រោងសហគ្រិននារីសហកម្ម (WE Act) ដែលអនុវត្តដោយអង្គការផេកកម្ពុជា (Pact Cambodia) នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលផ្នែកទីផ្សារឌីជីថលហ្វេសប៊ុក ចំនួន ៧នាក់ នៅសណ្ឋាគារ Poulo Wai រាជធានីភ្នំពេញ។

លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំនៅកម្ពុជា និងជានាយិកាគម្រោងសហគ្រិននារីសកម្ម បានថ្លែងថា WE Act គឺជាពាក្យមួយសំដៅដល់ស្ត្រីមានភាពសកម្មណាស់ ដើម្បីធ្វើសកម្មភាពនានាឲ្យកាន់តែរីកចម្រើន មិនមែនតែធ្វើការផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទេ ក៏ប៉ុន្តែនៅក្នុងសហគមន៍របស់ខ្លួនផងដែរ។ លោកស្រីបានអបអរសាទរចំពោះស្ត្រីទាំងអស់ ដែលត្រូវទទួលបានវិញ្ញាបនបត្រទាំងនេះ ហើយលោកស្រីបានកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់ពួកគេ ទោះបីជាសកម្មភាពបណ្តុះបណ្តាលធ្វើឡើង ចំពេលមានបញ្ហាកូវីដ១៩ ក៏ពួកគេតស៊ូរហូតបានជោគជ័យ។

«ជាការពិត បញ្ហាប្រឈមនេះ បានកើតឡើងនៅពេលមានវិបត្តិកូវីដ១៩ យើងក៏សូមអបអរសាទរពួកគាត់ដែរដែលមិនខ្លាច ក្នុងការចូលរួមប្រជុំបណ្តុះបណ្តាលតាមអនឡាញ ដែលមានប្រសិទ្ធភាពល្អ ហើយចំណេះដឹងរបស់ពួកគេបានកើនឡើង»។ នេះបើតាមលោកស្រី Sabine ។

លោកស្រីនាយិកា ថែមទាំងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលបានជួយគាំទ្រគម្រោងសហគ្រិននារីសកម្ម។ លោកស្រីថ្លែងទៀតថា គម្រោង SheMeansBusiness របស់ហ្វេសប៊ុក ជាគម្រោងកម្រិតសកល ដែលគេមានបទពិសោធន៍បណ្តុះបណ្តាល ដល់សហគ្រិនជាស្ត្រីវ័យក្មេង ក្នុងការធ្វើទីផ្សារឌីជីថលផងដែរ។

លោកស្រី Sabine បញ្ជាក់ថា «ហ្វេសប៊ុកមានគម្រោងមួយ គេហៅថា SheMeansBusiness ដែលនេះជាកម្រិតសកល ដែលគេមានបទពិសោធន៍បណ្តុះបណ្តាល ដល់សហគ្រិនជាស្ត្រីវ័យក្មេង ក្នុងការធ្វើទីផ្សារឌីជីថលតាមរយៈទូរស័ព្ទដៃ តាមរយៈហ្វេសប៊ុករបស់ពួគេ ដូច្នេះយើងក៏បានធ្វើការជាមួយគ្នា និងផ្តល់ជំនាញក្នុងការបណ្តុះបណ្តាល ដល់កម្មវិធីបណ្តុះបណ្តាល ហើយគេក៏មានស្តង់ដារកម្រិតខ្ពស់សម្រាប់គ្រូបង្គោលរបស់យើងផងដែរ»។

ទស្សនាការផ្សាយផ្ទាល់នៃពិធីប្រគល់វិញ្ញាបនប័ត្រដល់គ្រូបង្គោលផ្នែកទីផ្សារឌីជីថល តាមរយៈតំណភ្ជាប់នេះ៖ https://www.facebook.com/WEActCambodia/videos/391546808809940
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចូលរៀនវគ្គបណ្តុះបណ្តាល ទីផ្សារឌីជីថល សូមបំពេញព័ត៌មាននៅក្នុងតំណភ្ជាប់នេះ៖ : http://bit.ly/39NHAww ។ ក្រុមការងារនឹងទាក់ទងទៅលោកអ្នកដើម្បីបញ្ជាក់ពីកាលបរិច្ឆេទតាមរយៈអ៊ីម៉ែល និងលេខទូរសព្ទ។