(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញដល់កងទ័ពជើងគោកទាំងអស់ ត្រូវបន្តខិតខំបម្រើជាតិដោយស្មោះស្ម័គ្រ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិ។

ការជំរុញរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខ២០២០ និងទិសដៅការងារយោធាសន្តិសុខ២០២១ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង»

លោកថែមទាំងបានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលទាំងនេះបានកើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងឥស្សរជនរបស់ជាតិជាច្រើនរូបទៀត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាការចូលរួមអនុវត្តតួនាទីភារកិច្ចរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសពីសំណាក់ប្រជាពលរដ្ឋតែម្តង៕