(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជាថ្ងៃដែលប្រជាជនកម្ពុជា ប្រារព្ធពិធីបុណ្យសាសនា «មាឃបូជា» នោះ បានអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ក្នុងពិធីបុណ្យមាឃបូជានេះ ដើម្បីសុខសន្តិភាព និង​ការអភិវឌ្ឍន៍។  

សម្តេចបានបញ្ជាក់ តាមរយៈ Facebook Page របស់សម្តេចថា ប្រទេសកម្ពុជា ជាប្រទេសគោរពព្រះពុទ្ធសាសនា អស់កាលជាយូរមកហើយ ដែលមានប្រជាពលរដ្ឋជាង៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានចាត់ទុក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។ ចំនួនព្រះសង្ឃ និងវត្តអារាមបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការរីកចម្រើន ផ្នែកពុទ្ឋសាសនានៅកម្ពុជា។

សម្តេចបានសរសេរទៀតថា ចំពោះមាឃបូជានៅថ្ងៃនេះ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ឋសាសនា។ ពិធីបុណ្យនេះគឺដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ​​​ នៅក្នុងព្រះពុទ្ធសាសនា ដូចជា រំឮកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើអោយវិស័យពុទ្ធចក្ររីកលូតលាស់​ យ៉ាងស្គុសស្គាយនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះកម្ពុជាមានវត្តអារាមចំនួន៤,៥១៤ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ១៧៤ វត្ត និងព្រះសង្ឃទាំងពីរគណៈមានចំនួន ៥៦,៨២០អង្គ ។

សម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់ទៀតថា «ព្រះពុទ្ឋសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ជាងនេះទៀត ការអប់រំបែបព្រះពុទ្ធសាសនា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថរស់របស់ពលរដ្ឋ នៅក្នុងសង្គមយើងផងដែរ។ សូមជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងពិធីបុណ្យមាឃបូជានៅថ្ងៃនេះកុំបីខាន»