(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសមេ្តចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារ របស់មន្ត្រី បុគ្គលិក នៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្ម មមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផលជាអណ្តូងទឹក ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជូនប្រជារាស្រ្តជា បងប្អូនកូនចៅ របស់ព្រះអង្គ រស់នៅភូមិសំបួរ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សកម្មភាពបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ រួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រី អមក្រសួងព្រះបរមរាជវាំង។

ជាបឋមក្នុងឱកាសចុះបំពេញការងារ នៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំង ជាព្រះរាជតំណាង បានអញ្ជើញពិនិត្យការងាររបស់ក្រុមសម្តេចឪ ក្នុងកិច្ចការជីកអណ្តូងទឹកស្អាតដោយប្រើម៉ូទ័រ ដែលក្រុមសម្តេចឪបានខិតខំជីកក្នុងរយៈពេលចំនួន ៤០ថ្ងៃ សម្រេចបានចំនួន ១០អណ្តូង។

ការប្រោសព្រះរាជទានអណ្តូងទឹកស្អាតដោយប្រើម៉ូទ័រ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងមូលដ្ឋាននេះបានធ្វើឲ្យបងប្អូនប្រជារាស្រ្ត មានសេចក្តីសប្បាយត្រេកអរជាពន់ពេក ព្រោះថានៅក្នុងមូលដ្ឋាននេះកន្លងមកខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់។
ការប្រោសព្រះរាជទានព្រះរាជអំណាយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតទាំង ១០កន្លែងនេះ បានធ្វើឲ្យបងប្អូនប្រជារាស្រ្តនៅក្នុងមូលដ្ឋាន មានលក្ខណៈងាយស្រួល ដោយចំណេញពេលវេលាក្នុងដឹកជញ្ជូនយកទឹកពីទីធ្ងាយ ជាពិសេសទៅទៀតការទទួលបានព្រះរាជអំណាយ ជាអណ្តូងទឹកដ៏វិសេសវិសាលនេះ បានធ្វើឲ្យបងប្អូនមានទឹកគ្រប់គ្រាន់សម្រាប់ទទួលទានប្រកបដោយសុខភាព ការប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឲ្យបងប្អូនមានលទ្ធភាពស្រោចស្រពភោគផលដំណាំគ្រប់ប្រភេទ បានយ៉ាងងាយស្រួលទៀតផង។

ប្រជារាស្ត្ររស់នៅភូមិសំបួរ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សូមថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមខាងលើនេះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ ព្រះតេជៈបារមី នៃវត្ថុស័ក្តសិទ្ធិ គ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យ សិរិមង្គល ដ៏បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹង ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៏ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសំបូរសប្បាយ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕