(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃការងារភស្តុភារហិរញ្ញវត្ថុ ឆ្នាំ២០២០ ក្នុងក្រសួងការពារជាតិ និងទិសដៅបន្តអនុវត្ត ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ក៏បានអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នាយក នាយករង និង នាយទាហាន នៅក្នុង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ ជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបូកសរុបវាយតម្លៃការងារភស្តុភារ ហិរញ្ញវត្ថុដែលបានអនុវត្ថកន្លងមក និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។

បន្ទាប់ពីបានតាមដានស្តាប់របាយការណ៍បូកសរុបលទ្ធលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២០ រួចមកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា ការងារធានា ភស្តុភារហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ ក្រោមការឧបត្ថមពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានការរីកចម្រើនជាលំដាប់ទាំងការកសាងអង្គភាព ការធានាលើជីវភាពរស់នៅប្រចាំសម្រាប់បំពេញភារកិច្ចជូនប្រទេសជាតិ។

សម្រាប់នាយឧត្តមសេនីយ៍, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាអគ្គភស្តុភារជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់ គិតគូរជាប្រចាំដល់កងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព ព្រមទាំងអតីតយុទ្ធជន។

នាយឧត្តសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា «ទោះបីជាប្រទេសជាតិ បានស្ថិតនៅក្នុងដំណាក់កាលប្រឈមមុខនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបានយកចិត្តទុកដាក់ធានាជូនដល់កងទ័ព នូវការបើកប្រាក់បៀវត្ស និងចំណាយផ្សេងៗបានទាន់ពេលវេលា សម្រាប់សម្រួលទៅតាមតំរូវការរបស់ក្រសួងការពារជាតិ ដើម្បីធានាបាននូវសុខមាលភាព ជីវភាពរស់នៅដល់កងយោធពលខេមរភូមិន្ទ ក្នុងការហ្វឹកហ្វឺន បង្កើនសមត្ថភាព សម្រាប់ការបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស»

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសង្កត់ធ្ងន់ថា «សម្រាប់កងទ័ពការងារភស្តុភារ ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងកម្លាំងទ័ពលើវិស័យការពារជាតិឱ្យបានរឹងមាំ»

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់បន្ថែមទៀតថា ក្នុងដំណាក់កាលប្រឈមមុខនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រងភស្តុភារហិរញ្ញវត្ថុ ត្រូវចេះសន្សំសំចៃ និងត្រូវមានគំនិតច្នៃប្រឌិតក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីឱ្យកងទ័ពកាន់តែមានជីវភាពរស់នៅប្រសើជាងមុន៕