(កំពង់ស្ពឺ)៖ យោងតាមសេចក្តីរាយការណ៍ និងរបាយការណ៍មួយចំនួន អមដោយរូបភាពជាក់ស្តែងផងនោះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានបង្ហាញថា សកម្មភាពកាយយកដីក្រហមដើម្បីលក់ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវមួយកន្លែង ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រព្រឹត្តទៅដោយមិនមានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ច និងមន្រ្តីជំនាញនោះទេ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ ធ្លាប់បានចេញលិខិតថា សំណើសុំអាជ្ញាណ្ណជីករណ្ដៅដីក្រហម នៅតំបន់ភូមិទី៦ ឃុំត្រែងត្រយឹង
ស្រកភ្នំស្រច របស់លោកស្រី ប៉ូ រស្មី មិនត្រូវបានអនុញ្ញាតនោះឡើយ។

មន្ទីររ៉ែ បានបញ្ជាក់ជូនថា ករណីសំណើសុំអាជ្ញាបណ្ណសិប្បកម្មជីករណ្ដៅដីក្រហម នៅតំបន់ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់លោកស្រី ប៉ូ រស្មី តាមការចុះពិនិត្យអង្កេតជាក់ស្តែង របស់ក្រុមការងារជំនាញមន្ទីរឃើញថា៖

*ទី១៖ ទីតាំងស្នើសុំខាងលើនេះមន្ទីរមិនអាច ធ្វើរបាយការណ៍វាយតម្លៃ បច្ចេកទេស ដាក់ជូនរដ្ឋបាលខេត្តពិនិត្យ/សម្រេច តាមនីតិវិធីច្បាប់បានឡើយ។

*ទី២៖ ទីតាំងស្នើសុំអាជ្ញាបណ្ណសិប្បកម្មធ្វើអាជីវកម្មជីកអាចម៍ដីក្រហមរបស់លោកស្រី ស្ថិតនៅក្នុងផ្ទៃដី តំបន់ការពារធម្មជាតិ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដែលបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

*ទី៣៖ ទីតាំងស្នើសុំអាជីវកម្មខាងលើនេះ ស្ថិតនៅក្នុងផ្ទៃដី ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាលេខៈ១០/១៩ ដ.ក ចុះថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្តីពីការបដិសេធ និងដកហូតដីព្រៃឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។

លោក ខន សុខុន ប្រធានដែនបរិស្ថានប្រចាំការនៅទីនោះ បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មានករណីឲ្យច្បាស់ទេ រង់ចាំទៅពិនិត្យស្ថានភាពជាក់ស្តែងសិន។ សម្រាប់ករណីនេះ ត្រូវបានប្រភពព័ត៌មានខ្លះឲ្យដឹងថា មានមន្រ្តីមួយចំនួនបានចូលរួម និងបើកផ្លូវឲ្យឈ្មួញអាចដំណើរការអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតនេះបែបនេះ៕