(ភ្នំពេញ)៖ លោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានបន្តថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។

ការដឹងបែបនេះរបស់លោក Ahmed Muneeb Saeed ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការគោលនយោបាយសម្រាប់ កម្មវិធីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលដឹកនាំវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលជា សមាជិក សមាជិកា នៃគណៈកម្មការគោលនយោបាយនេះ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)។

ទន្ទឹមនេះក៏បាន Ahmed Muneeb Saeed ឱ្យដឹងដែរថា ADB នឹងផ្តល់ការគាំទ្រលើ ៤ចំណុចរួមមានទី១៖ ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈការចាប់ផ្តើមការរៀបចំកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីនេះ, ទី២៖ ការគ្រប់គ្រងតាមច្រកព្រំដែនដែលជាចំណុចសំខាន់ក្នុងការបញ្ជៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩, ទី៣៖ ការការពារជនងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ និង៤៖ ការគ្រប់គ្រងវិបត្តិនៃការកើនឡើងតម្លៃចំណីអាហារ។

លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំរបស់យើងនាពេលនេះ មានគោលបំណងធ្វើការពិនិត្យ និងតាមដានវឌ្ឍនភាពរួមគ្នា ក្នុងការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់ សរុបប្រមាណ ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ។

ទន្ទឹមនេះលោកក៏បានជម្រាបអង្គប្រជុំអំពីករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ ៤៣៩ករណីប៉ុណ្ណោះ និងពុំមិនមានករណីស្លាប់នោះទេ។ ការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ បានល្អប្រសើរយ៉ាងនេះ ដោយសារតែការដាក់ចេញនូវវិធានការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឹងម៉ាត់ និងហ្មត់ចត់ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសង្គម ព្រមទាំងដោយមានការចូលរួមគាំទ្ររបស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់។

លោកបានឱ្យដឹងថា តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថានឹងមានការថមថយ ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ទាំងលើសកម្មភាពផលិតកម្ម និងការប្រើប្រាស់ ព្រមទាំងការវិនិយោគ។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាពនៃការដាក់ចេញ វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១ នេះ។

លោក វង្សី វិស្សុត បានបន្តទៀតថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងរលកថ្មីនៃការរីករាលដាល នៃជំងឺនេះជាបន្តបន្ទាប់ទាំងនៅជុំវិញពិភពលោក និងនៅកម្ពុជា រហូតមកទល់នឹងនេះវាបានធ្វើឱ្យយើងកាន់តែស្គាល់ និងយល់ដឹងអំពីជំងឺនេះថែមទៀត ព្រមទាំងយើងអាចមានជម្រើសនៃការព្យាបាលជំងឺនេះ បានល្អជាងមុន ជាពិសេសយើងអាចដាក់ចេញនូវវិធានការឆ្លើយតបនឹងជំងឺនេះឱ្យកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ប្រការនេះរឹតតែធ្វើឱ្យកម្ពុជា កាន់តែទទួលបទពិសោធន៍កាន់តែច្រើន និងមានទំនុកចិត្តខ្ពស់ជាងមុន ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវជំងឺរាតត្បាតដទៃទៀត។ បច្ចុប្បន្នកម្ពុជាមានមន្ទីរពិសោធន៍ចំនួន០៤ សម្រាប់ធ្វើតេស្តរកករណីជំងឺកូវីដ-១៩ និងបានបង្កើនសមត្ថភាពធ្វើតេស្តរកករណីជំងឺកូវីដ-១៩ ពី៦០០សំណាក រហូតទៅដល់៤ ០០០សំណាក ក្នុងមួយថ្ងៃ ព្រមទាំងមានក្រុមឆ្លើយតបរហ័សរហូតដល់ទៅដល់ ៣,០០០ ទៅ៤០០០នាក់ ដើម្បីគាំទ្រដល់ការធ្វើតេស្ត និងធ្វើការតាមរកអ្នកប៉ះពាល់ជំងឺកូវីដ-១៩ ផងដែរ។

លោកបានបន្ថែមថា នៅពេលដែលកម្ពុជានឹងទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលខាងមុខនេះវាអាចនឹងជួយឱ្យកម្ពុជា ឈានឆ្ពោះទៅការលុបបំបាត់ជំងឺកូវីដ-១៩ និងអាចដំណើរការសេដ្ឋកិច្ចរបស់ខ្លួនបានពេញលេញឡើងវិញ។

លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ដើម្បីត្រៀមឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងក្របខណ្ឌនេះ រួមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល, ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ការគាំទ្រដល់អាជីវកម្ម និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ ពិសេសការគាំទ្រដល់សហគ្រាសធុនតូច និង ធម្យម តាមរយៈការដាក់ឱ្យដំណើរការធនាគារអេសអិមអ៊ី និងការធានាឥណទាន ព្រមទាំងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការឧបត្ថម្ភជា សាច់ប្រាក់ជូនគ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងងាយរងគ្រោះ និងកម្មវិធីសាច់ប្រាក់ពលកម្ម ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលព្យួរការងារ និងការរៀបចំវគ្គបណ្តុះបណ្តាលដល់កម្មករនិយោជិតទាំងជំនាញទន់ និងជំនាញបច្ចេកទេសជាដើម។ល។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និង ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងទឹកប្រាក់សរុបប្រមាណ ២៥០លានដុល្លារអាមេរិក សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារ សម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។ កម្មវិធីនេះនឹងធ្វើការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និងការទ្រទ្រង់សេដ្ឋកិច្ច នៃកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។ អង្គប្រជុំក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិ និងបានដាក់ចេញនូវវិធានការ និងកម្មវិធីការងារអាទិភាពមួយចំនួន ជាពិសេសការរៀបចំយុទ្ធសាស្ត្រនៃការអនុវត្តកិច្ចលទ្ធកម្មក្នុងការទិញវ៉ាក់សាំង, ពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យសុខាភិបាល, ព្រមទាំងពិនិត្យតម្រូវការចាំបាច់ ទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខាបច្ចេកទេស ដើម្បីអាចសម្រេចបានលទ្ធផលល្អប្រសើរតាមគោលដៅដែលរំពឹងទុក។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB និងរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែ ផ្តល់នូវការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការស្តារ និងអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញ នៅក្នុងបរិការណ៍ជំងឺកូវីដ-១៩៕