(ដាម៉ាស់)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត ក្នុងរដ្ឋធានីដាម៉ាស់ និងហូមស៍ របស់ប្រទេសស៊ីរី នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង ១៤០នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

គ្រាប់បែកបួនគ្រាប់ ត្រូវបានគេអះអាងថា បានផ្ទុះនៅជាយទីក្រុងដាម៉ាស់ ដែលបានឆក់យកជីវិតជនស៊ីវិល ស្លូតត្រង់ ៨៣នាក់។ ដោយឡែកនៅទីក្រុងហូមស៍វិញ មនុស្ស ៥៧នាក់បានស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកដូចគ្នា ដែលភាគច្រើនជាជនស៊ីវិល។ ប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រោយការវាយប្រហារដ៏អាក្រក់បំផុតនៅដើម ឆ្នាំ ២០១៦នេះ ពួក ISIS បានចេញមុខសារភាព។

ការបំផ្ទុះអត្តឃាតនេះដែរ បានកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) បានឈានទៅសម្រេចកិច្ចព្រមព្រៀងលើបទ ឈប់បាញ់គ្នាជាបណ្តោះអាសន្ននៅតំបន់មួយចំនួនក្នុងប្រទេសស៊ីរី ជាមួយនឹងសមភាគីរុស្ស៊ី៕