(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិក-មន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងឥតឧបមា សូមគោរពថ្លែង អំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ឯកឧត្តម-លោកជំទាវសមាជិកសភា-ព្រឹទ្ធសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូតប្រចាំនៅកម្ពុជា អ្នកឧកញ៉ា-លោកឧកញ៉ា និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់មហាកិត្តិយសដ៏ធំធេងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងជាភ្ញៀវកិត្តិយស ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន»

ក្រសួងបន្តថា «ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២១ នេះ សូមគោរពជូនពរ និងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា-លោកឧកញ៉ា លោក លោកស្រី និងបងប្អូន ញាតិមិត្តទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។

អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក។

អគារទីស្តីការថ្មីរបស់ក្រសួងក៏បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការសាងសង់អគារនេះឡើង ក្នុងគោលបំណងបង្កើតកន្លែងផ្តល់សេវាសាធារណៈពាក់ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ នៅក្នុងក្រសួងផ្ទាល់។ បន្ថែមពីលើនោះ ដើម្បីផ្តល់ជាទីតាំងមួយមានផាសុខភាពសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការបម្រើការងារកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលថ្មីលើទឹកដីសន្តិភាពដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី៕