(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានទទួលយកជំនួយជាទឹកសម្លាប់មេរោគធម្មជាតិ Ebiodis មួយចំនួនពីក្រុមហ៊ុន Leisure Asia Corporation ដោយសារមានជឿជាក់ថា ផលិតផលធម្មជាតិទាំងនេះបានរួមចំណែកយ៉ាងច្រើនក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។

ការទទួលយកជំនួយទឹកសម្លាប់មេរោគខាងលើនេះ ធ្វើឡើង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមវត្តមានលោក ជ្រិន សុខា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្ត្រី សាយ សំអាល់ និងតំណាងក្រុមហ៊ុន Leisure Asia Corporation ដែលដឹកនាំដោយលោកស្រី ហេង ពិសី អគ្គនាយិកាក្រុមហ៊ុន និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្ម។

លោកស្រី ហេង ពិសី បានគូសបញ្ចាក់ថា ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Anticeptic Disinfectant) មានសារប្រយោជន៍ និងប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែសម្លាប់ និងបង្ការមេរោគឆ្លងប៉ុណ្ណោះទេ គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ដោយផលិតផលនេះអាចប្រើប្រាស់បំបាត់ក្លិនស្អុយនៅគ្រប់ទីកន្លែង ដូចជា ធុងសំរាម ដេប៉ូសំរាម កសិដ្ឋានចិញ្ចឹមសត្វ និងទីតាំងផ្សេងៗ។

លើសពីនេះ ផលិតផល Ebiodis អាចប្រើប្រាស់បន្សុទ្ធទឹកធម្មជាតិ និងទឹកកខ្វក់ដែលចេញពីមូលដ្ឋានលំនៅដ្ឋាន ក៏ដូចជាមូលដ្ឋានអាជីវកម្មផ្សេងៗ (តាមអាត្រានៃស្តង់ដាកំណត់)។ ផលិតផល Ebiodis ក៏អាចប្រើប្រាស់ដើម្បីបម្លែងគុណភាពដីដែលគ្មានជីជាតិឱ្យប្រសើរឡើង។

លោក ជ្រិន សុខា បានឱ្យដឹងថា ក្រសួងបរិស្ថានតែងតែគាំទ្រដល់ផលិតផលធម្មជាតិនានា ដែលចូលរួមគាំទ្រដល់វិស័យបរិស្ថាន ជាក់ស្តែងដូចជាផលិតផលធម្មជាតិ Ebiodis នេះ ហើយលោកសម្តែងនូវការកោទសរសើរដល់ក្រុមហ៊ុន ដែលបានផលិតនិងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩ផង និងចូលរួមដល់កិច្ចគាំពារបរិស្ថានផង។

នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងបរិស្ថាននូវទឹកសម្លាប់មេរោគម៉ាក Ebiodis ប្រភេទ៣០លីត្រ (៣៣កាន) ៥លីត្រ (៣០កាន) ១លីត្រ (១២០កាន) ៥០០មីលីលីត្រ (១២០ដប) ១០០មីលីលីត្រ (២៤០ដប) ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ដើម្បីប្រើប្រាស់តាមការចាំបាច់។

សូមបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក អ៉ីប៊ីយូឌីស (Ebiodis) ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជារុស្ស៉ី ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសរុស្ស៉ី ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ជាផលិតផលធម្មជាតិ (organic) ងាយស្រួលប្រើ មានក្លិនធម្មជាតិ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ២០-៣០វិនាទី ដោយអាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ម៉ាស់ ដៃ ជើង ស្បែកជើង សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ របស់ក្មេងលេងនៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារៈនៅតាមទីតាំងផ្សេងៗទៀត ក្នុងនោះរួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ។

ក្រៅពីនោះ Ebiodis អាចបន្សុទ្ធទឹកធម្មជាតិ ទឹកកខ្វក់ ក្លិនស្អុយសំរាម និងក្នុងទឹកកខ្វក់ និងអាចប្រើកែប្រែគុណភាពដីផងដែរ។ Ebiodis បានឆ្លងកាត់តេស្តប្រសិទ្ធភាពនៅមន្ទីរពិសោធន៍ជាតិសុខាភិបាលកម្ពុជា និងមន្ទីរពិសោធន៍ Central Laboratory នៅទីក្រុងបាងកក ប្រទេសថៃ ដោយប្រើប្រាស់វិធីសាស្រ្តបណ្តុះបាក់តេរី និងសម្លាប់បាក់តេរីដោយ Ebiodis (Microbiological Tests និង Micro Bacteria Culture)។

បច្ចុប្បន្ននេះ ផលិតផល Ebiodis ត្រូវបានប្រើប្រាស់នៅបណ្តាធនាគារ សាលារៀន គ្លីនិក ក្រុមហ៊ុនឯកជន គេហដ្ឋាន ផ្សារ កសិដ្ឋាន និងកន្លែងផ្សេងៗជាច្រើនទៀត។ ម្យ៉ាង Ebiodis មាននៅផ្សារទំនើបបាយ័ន (Bayon Supermarket) គ្រប់សាខាផ្សារ Baby Care គ្រប់សាខា ផ្សារទំនើបជាច្រើនទៀត និងនៅតាមបណ្តាខេត្តផងដែរ៕