(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យដឹងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល និងប្លុកសេដ្ឋកិច្ចមួយឈានមុខគេ ដែលជំរុញកំណើនសេដ្ឋកិច្ចដោយប្រើបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។

ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូ ក្រសួងចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល» និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍដូចជាចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។

កិច្ចប្រជុំប្រចាំឆ្នាំរៀបចំឡើង ក្នុងគោលបំណង៖
១៖ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកន្លងមក។
២៖ ពិនិត្យ និងអនុម័តផែនការសកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០២១
៣៖ អនុម័តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ (អាចទាញយកតាមតំណនេះ https://mptc.gov.kh/en/documents/policies/asean-digital-masterplan-2025-adm2025/)។

កិច្ចប្រជុំនេះរដ្ឋសមាជិក បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍ឌីជីថលមួយ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ពិសេសការឆ្លើយតបទាន់ពេលវេលាក្នុងអំឡុងពេល និងក្រោយការរាលដាលនៃជំងឺកូវីដ១៩ ដោយពង្រឹងភាពស៊ីសង្វាក់ ផ្នែកគោលនយោបាយ ការអភិវឌ្ឍបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខបច្ចេកវិទ្យា ការកសាងធនធានមនុស្សនៅក្នុងតំបន់ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា 5G ដែលត្រូវបានពិភាក្សាយ៉ាងលម្អិតអំពី បញ្ហាប្រឈម ដំណោះស្រាយ និងពេលវេលាសមស្របនៃការដាក់ដំណើការ ជាផ្លូវការក្នុងប្រទេសអាស៊ាន។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឲ្យដឹងថា ការវិវឌ្ឍឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងផ្តល់នូវដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សានូវនិរន្តភាពនៃសកម្មភាពកិច្ចការរដ្ឋបាល និងអាជីវកម្ម។ ប្រទេសសមាជិកអាស៊ាន ចំាបាច់ត្រូវធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍ ប្រែកា្លយជាសហគមន៍ ដែលតភ្ជាប់ដោយឌីជីថល និងជំរុញការកាត់បន្ថយគម្លាតឌីជីថល រួមចំណែកពន្លឿនការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការពង្រឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ទាំងទូរសព្ទចល័ត និងអ៊ិនធឺណិត ដើម្បីផ្ដល់សេវាប្រកបដោយទំនុកចិត្ត និងមានតម្លៃសមរម្យ ព្រមទាំងលើកកម្ពស់អក្ខរកម្មឌីជីថល។

រដ្ឋមន្ត្រីឌីជីថលអាស៊ាន បានបង្ហាញឆន្ទៈ ក្នុងការសហការជាមួយដៃគូអភិវឌ្ឍដូចជា៖ ចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកវិសាលភាពនៃ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងពង្រឹងសមត្ថភាពសន្តិសុខបច្ចេកវិទ្យា និងការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥។

សូមបញ្ជាក់ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះត្រូវបានប្ដូរឈ្មោះពី កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន(TELMIN) ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩ ដើម្បីស្របតាមនិន្នាការសកលនៃ ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា។

កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ាន៕