(ភ្នំពេញ)៖ ស្ត្រីម្នាក់ អតីតប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និងប្តី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឆបោកប្រាក់ជាង ៣៧ម៉ឺន ដុល្លារអាមេរិក។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោកព្រះរាជអាជ្ញារង តុប ឈុនឡុង។

ជនសង្ស័យមានឈ្មោះ ផាត ចរិយា អាយុ ៣៨ឆ្នាំ អតីតប្រធានគណនេយ្យក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និង ប្តីឈ្មោះ ហ៊ កុសល អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ជាង ៣៧ម៉ឺនដុល្លារអាមេរិក ។

ស្ត្រីឈ្មោះ ផាត ចរិយា បានសារភាពថា លុយទាំងនេះ ខ្លួនបានយកឲ្យប្តីលេងល្បែងចាញ់អស់៕