(កំពង់ធំ)៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពស្រូវស្រែរបស់ប្រជាកសិករជាង ២,០០០ ហិកតា តំបន់ព្រះគន្លង និងតំបន់វាលស្រង៉ែ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបាននាំយកម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿង ដែលជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមការលើកឡើងរបស់លោករដ្ឋលេខាធិការ បានឱ្យដឹងថា បញ្ហាថ្ងៃនេះមន្ត្រីជំនាញបានធ្វើការចុះពិនិត្យ ហើយទៅជួយសង្គ្រោះស្រូវស្រែឲ្យទាន់ពេលវេលា និងដាក់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿង សម្រាប់ដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា បញ្ជៀសការខូចខាតស្រូវរបសប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតេជោ ហ៊ុន សែន គឺមានការយកចិត្តទុកដាក់ខ្ពស់ រួមទាំងក្រសួងធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរខេត្ត ដោយមានការគិតថាបងប្អូន ប្រជាពលរដ្ឋ ក្នុងការបងទឹកបង្ហូរចូលស្រែ ហើយមន្ត្រីជំនាញបានមកពិនិត្យជាក់ស្ដែងតែម្ដង ហើយចុះមកនេះយើងនិយាយពិនិត្យជាក់ស្ដែង ក្នុងការស្រោចស្រពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ប្រឡាយទឹកនេះបានធ្វើការកសាងក្នុងឆ្នាំ២០០៥ មកម្ល៉េះ ហើយមានក្រុមហ៊ុនវិនិយោកចំនូន ២ក្រុមហ៊ុន ដើម្បីបូមទឹកលក់ជូនប្រជាកសិករ មកដល់បច្ចុប្បន្ននេះមានជម្លោះក្រុមហ៊ុន និងក្រុមហ៊ុន ហើយបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាកសិករ តែពេលនេះអាជ្ញាធរបានសង្គ្រោះទាន់ពេលវេលា ចំណែកជម្លោះក្រុមហ៊ុនទាំង ២ នោះមិនអាចដោះស្រាយបានទេ ដោះសារបញ្ហាដីការក្សាការពារទុកនៃអយ្យការសាលាដំបូងខេត្តកំពង់ធំ ទុកឱ្យខាងតុលាជាអ្នកដោះស្រាយចុះ។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឲ្យដឹងថា ការដាក់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿង នេះមានកម្លាំង ៥០០សេស ដើម្បីស្រោចស្រពស្រូវរបស់ប្រជាកសិករ ហើយបានចាប់ផ្តើមបូមទឹកដាក់អស់រយៈពេល១០ថ្ងៃហើយ ហើយការស្រោចស្រពស្រូវប្រជាពលរដ្ឋ គឺមិនមានការខ្វះខាតទេ ឆ្លើយតបចឹងភ្លាមនោះដែរ ក្រោយពីសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានស្រូវស្រែរបស់ប្រជាពលរដ្ឋក្រៀមស្វិតនោះ គឺមិនមាននោះទេ គឺតាមលក្ខណៈបច្ចេកទេសសាបព្រោះ និងការដាក់ជីថ្នាំស្រូវ ហើយប្រជាកសិករ គឺបង្ហូរទឹកចេញសិន រហូតដល់ថ្ងៃត្រូវដាក់ទឹកចូលស្រែវិញ ដូច្នេះអ្វីដែលកើតឡើង គឺមិនត្រឹមត្រូវទេ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងធនធានទឹកបានជួយសង្គ្រោះ ស្រោចស្រពស្រូវរបស់ពួកគាត់បានទាន់ពេលវេលា។ ក្នុងឆ្នាំនេះពួកគាត់សង្ឃឹមថា ទទួលបានផលស្រូវបានច្រើន៕