(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចែកវិញ្ញាបនបត្រដល់និស្សិតចំនួន ២៦៩នាក់ ក្នុងនោះមានស្រីចំនួន ១៦៣នាក់ ដែលបញ្ចប់ការសិក្សាមានរយៈខ្លី នៅសាកលវិទ្យាល័យជាតិមានជ័យ។

ពិធីចែកវិញ្ញាបនបត្រនេះ ក៏មានការអញ្ជើញចូលរួមពីលោក ខេង ស៉ំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៉ំ រាត្រី អភិបាលខេត្ត, លោក ជ័យ សារិន ប្រធានគណៈកម្មាធិការគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ, លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្ត, លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាច្រើនអ្នកទៀត។

បើតាមលោក ជ័យ សារិន បានឱ្យដឹងថា និសិ្សតចូលរៀនសិក្សាក្នុងសាលាសាកលវិទ្យាល័យជាតិមានជ័យនេះ មាន៣កម្រិតក្នុងនោះមានបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ បរិញ្ញាបត្រជាន់ខ្ពស់សិក្សាមាន ៥ជំនាញ បរិញ្ញាបត្រមានចំនួន ១៦ជំនាញ បរិញ្ញាបត្ររងមានចំនួន ៤ជំនាញ បរិញ្ញាបត្រជាន់ខ្ពស់សិក្សាមានរយៈពេល ៦ឆ្នាំ បរិញ្ញាបត្រសិក្សាមានរយៈពេល៤ឆ្នាំ បរិញ្ញាបត្ររងសិក្សាមានរយៈពេល៤ឆ្នាំ។

ថ្លែងក្នុងពិធីនេះដែរ លោក ស សុខា បានឱ្យដឹងថា នៅឆ្នាំ២០២០កន្លងមកនេះ ប្រទេសកម្ពុជា ក៏ដូចពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឱ្យបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដ៏មានសារៈសំខាន់នេះឡើងវិញដែរ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស និសិត្ស ឱ្យបានចូលរៀនឡើងវិញ។

លោក ស សុខា បានផ្តល់ដំបូន្មាន ដល់និស្សិតដែលកំពុងសិក្សាត្រូវហ៊ានកះបង់នូវពាក្យចចំនួន ៥យ៉ាង និងមិនគួរលើកមកនិយាយក្នុងពេលសិក្សារួមមាន៖

ទី១៖ ពាក្យថា «ពិបាក» ក្រោយពេលដែលយើងនិយាយពាក្យថា ពិបាកនោះវានឹងរារាំងដល់សមត្ថភាពរបស់យើងប្រសិន បើយើងប្រកាន់យកពាក្យនេះ យើងមិនអាចជម្នះនូវឧបសគ្គទាំងឡាយណាបានឡើយ ក្នុងមួយជីវិតយើងនេះបានឡើយ។

ទី២៖ ពាក្យថា «ធ្វើមិនបាន» ព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឱ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិទបាំងនូវចំណេះដឹងថ្មីៗ ដែលយើងមិនធ្លាប់ជួបយើងត្រូវគិតថាគ្មានអ្វីមួយ ដែលធ្វើមិនបាននោះទេគ្រាន់តែពេលខ្លះ វាត្រូវការពេលវេលាតែប៉ុណ្ណោះការព្យាយាមនឹងបានសម្រេច។

ទី៣៖ ពាក្យថា «កុំអស់សង្ឃឹម» ព្រោះពាក្យនេះនិយាយចេញមកពេលណាកម្លាំងទាំងអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្តនឹងត្រូវបាត់ជ្រុះចុះត្រូវចេះលើកទឹកចិត្តខ្លួនឯងនឹងមានក្តីសង្ឃឹមជានិច្ច។

ទី៤៖ ពាក្យថា «ខ្ជិល» មិនគួរនិយាយសូម្បីតែនិយាយ លេងក៏ដោយព្រោះវានឹងបង្កើតការ ដែលមិនមានទំនួលខុសត្រូវប្រសិនបើយើងប្រកាន់យកពាក្យនេះ ទុកក្នុងចិត្តវាស្មើនឹងពាក្យទទួលយក នូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ។

និងទី៥៖ ពាក្យថា «ហត់» នៅពេលដែលយើងនិយាយពាក្យទាំងនេះ ចេញមករាងកាយទាំងមូលនឹងតបស្នងមកវិញ នូវភាពហត់ទន់ខ្សោយមួយរំពេចធ្វើអ្វី ក៏ដោយយើងត្រូវតែចេះប្រមាណកម្លាំង ឬស្ទាបស្ទង់កម្លាំងពេលខ្លះបើហត់ ត្រូវសម្រាកបន្តិចឱ្យមានកម្លាំងរួចធ្វើដំណើរ ទៅមុខបន្តទៀតនោះ ទើបយើងបានសម្រេចលទ្ធផល។

ទន្ទឹមនឹងនេះដែរ លោកបានបន្ថែមថា ក្រោមការដឹកនាំដ៏បិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចតុកោណ បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្រោយការត្រួតពិនិត្យដោយផ្ទាល់របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សានេះ។

លោក ស សុខា បានគូសបញ្ជាក់ទៀតថា នៅក្នុងនៅសាកលវិទ្យាល័យជាតិមានជ័យនេះ បាននឹងកំពុងធ្វើការបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បង និងបានខិតខំអប់រំនិស្សិតដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ ដើម្បីប្រគួតប្រជែងនៅក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ។

ក្នុងនោះលោក ស សុខា បានកោតសរសើរដល់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ អស់កម្លាំងកាយចិត្ត ដើម្បីប្រែក្លាយជាធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បងដែលប្រទេសជាតិត្រូវការចាំចាច់មិនអាចអត់បានឡើយ៕