(ភ្នំពេញ)៖ លោកបណ្ឌិត សុខ សុក្រិត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលថៃ ជួយសម្រួលថ្លៃសេវា និងការធ្វើលិខិតស្នាមផ្សេងជូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ក្នុងកំលុងពេលជំងឺកូវីដ១៩ រាតត្បាត។

សំណើបានធ្វើឡើងក្នុងពេលលោកបណ្ឌិត សុខ សុក្រិត្យា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ នៅស្ថានទូតថៃ។

លោកបណ្ឌិត សុខសុក្រឹត្យា បានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគតចំណងសាមគ្គីភាព សុខសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែស្អិតរមួត រឹងមាំថែមទៀត។

លោកបណ្ឌិត ក៏បានជម្រាបជូនឯកអគ្គរាជទូតថៃអំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខមួយ ជាប្រទេសគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតលើពិភពលោក ដោយរំពឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា-ថៃ នឹងបើកច្រកព្រំដែនឡើងវិញដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ ឬតាមរយៈការរៀបចំជាកញ្ចប់ទស្សនកិច្ចកម្ពុជា-ថៃ ដោយអនុវត្តយន្តការសុវត្ថិភាពនៃការធ្វើដំណើរ (Travel Bubble) ដែលជាការធ្វើដំណើរតាមបែបគន្លងថ្មី។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានសម្តែងការកោតសរសើរ និងអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងកូវីដ-១៩ បានយ៉ាងល្អ ដែលលោកផ្ទាល់ ក៏ដូចជាមន្ត្រីស្ថានទូត និងប្រជាពលរដ្ឋថៃដែលកំពុងស្នាក់នៅកម្ពុជាទាំងអស់មានភាពកក់ក្តៅបំផុត។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការរក្សាបាននូវចំណងមិត្តភាពរវាងរដ្ឋនិងរដ្ឋ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក្នុងនាមស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន បានស្នើឱ្យភាគីថៃបន្តជួយសម្រួលថ្លៃសេវា និងបែបបទផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកការងារទៅប្រទេសថៃក្នុងពេលដែលពួកគាត់កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ ។

លោកឯកអគ្គរាជទូតថៃ បានសន្យានឹងនាំយកសំណើនេះជូនរាជរដ្ឋាភិបាលពិនិត្យ ហើយលោកនឹងបន្តខិតខំពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យកាន់តែជិតស្និទ្ធថែមទៀត៕