(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ថវិកា និងចែកប័ណ្ណអទិភាពសម្រាប់ទទួលសេវាសុខភាពសាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ចំនួន១៥គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ថវិកា និងចែកប័ណ្ណអទិភាពសម្រាប់ទទួលសេវាសុខភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ គឺបានធ្វើឡើងដោយមានការចូលរួម ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ និងក្រុមការងារ ក.ក្រ.ក ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសង្កាត់ទួលសង្កែទី១ និងនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ការគួរសមនាឱកាសនេះ លោកស្រី អាន ផល្លា ជា ពិសី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងការផ្ដាំផ្ញើជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យខិតខំបន្តប្រកបរបរចិញ្ចឹមជាបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ចំពោះបង-ប្អូនប្រជាពលរដ្ឋ។

លោកស្រី អាន ផល្លា ជាពិសី បន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរ និងផ្ដាំផ្ញើជានិច្ចឲ្យគ្រប់សាខាកាកបាទក្រហមកម្ពុជា ទាំង២៥ខេត្ត-រាជធានី យកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះទូទៅ។

លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ អាន ផល្លា ជា ពិសី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបន្តទៀត ក្នុងការយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ដោយផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា)។

សូមបញ្ជាក់ថា ចំពោះអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះគឺក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១០កញ្ចប់, ទឹកដោះគោ១កំប៉ុង, ស្ករស១កញ្ចប់, ម៉ាស១ដុំ, អាល់កុល១ដប និងថវិកាចំនួន៣ម៉ឺនរៀលស្មើៗគ្នា៕