(ស្វាយរៀង)៖ លោកគ្រូ អ្នកគ្រូដែលគ្រូជាប់កិច្ចសន្យាមួយចំនួន នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរិះគន់មន្ត្រីការិយាល័យអប់រំ ស្រុកស្វាយជ្រំ ដែលទារប្រាក់ពីពួកគាត់ក្នុង ១ឆ្នាំ ៦មុឺនរៀល នៅពេលដែលដាក់ពាក្យស្នើសុំគ្រូកិច្ចសន្យា និងបើកប្រាក់ឧបត្ថម្ភខែដំបូង។

លោកគ្រូ អ្នកគ្រូ ជាប់កិច្ចសន្យាដែលបង្រៀននៅតាមសាលារៀនមួយចំនួន ក្នុងស្វាយជ្រំបានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា «ជារៀងឆ្នាំគ្រូជាប់កិច្ចសន្យាទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំចូលបង្រៀនដោយស្ម័គ្រចិត្ត។ហើយនៅពេលដាក់ពាក់ស្នើរសុំនេះមន្ត្រីបុគ្គលិកការិយាអប់រំស្រុកបានទារប្រាក់ពីពួកគាត់ចំនួន ៤មុឺនរៀល និងថវិកា២មុឺរៀលទៀត នៅពេលបើកប្រាក់ខែឧបត្ថម្ភដំបូង»

ប្រភពដដែលបានបន្តថា ការយកប្រាក់ពីលោកគ្រូអ្នកគ្រូជាប់កិច្ចសន្យានេះមានជាច្រើនឆ្នាំមកហើយមិនដឹងថាយកថវិកានេះទៅណាទេ? ដោយថវិការឧបត្ថម្ភតិចតួច គឺស្មើនឹងថវិកាគ្រូបង្រៀនពេញសិទ្ធិចូលបង្រៀនដំបូង៨០ភាគរយ តែបុ៉ណ្ណោះ ហើយតម្រូវឱ្យមានការបង់ប្រាក់ទៀតនោះ គឺពួកគាត់មិនសប្បាយនោះឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ លោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា សូមជួយពិនិត្យមើលការអនុវត្តន៍ភារកិច្ចមន្ត្រីអប់រំនៅស្រុកស្វាយជ្រំនេះផង មិនដឹងមានគោលការណ៍ពីខាងណាទេបានជាមកយកប្រាក់ពីពួកគាត់ជារៀងរាល់ឆ្នាំម្តងដូច្នេះ។

លោក យស់ សុគន្ធា ជាមន្ត្រីបុគ្គលិក នៃការិយាល័យអប់រំស្រុក បានឱ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះថាការយកប្រាក់ពីលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាពិតប្រាកដមែន គឺថវិកា ១មុឺនរៀល ដើម្បីរៀបចំឯកសារ និងថវិកា១មុឺនរៀលទៀត មន្ទីរអប់រំ សុំរៀបចំឯកសារដែរ ហើយសល់ថវិកា ២មុឺនរៀលទៀត ទុកសម្រាប់អភិវឌ្ឍន៍ការិយាល័យអប់រំស្រុក។ ចំណែកថវិកា ២មុឺនរៀលទៀតដែលបានយកប្រាក់ពីលោកគ្រូអ្នក លោកគ្រូជាប់បើកប្រាក់ខែឧបត្ថម្ភដំបូង គឺសម្រាប់ចំណាយនៅការហូបចុកជួបជុំគ្នាដែលមានថ្នាក់នាំចូលរួម។

សូមបញ្ជាក់ថា លោកគ្រូអ្នកគ្រូជាប់កិច្ចសន្យានៅស្រុកស្វាយជ្រំ មានចំនួនជាង២០០នាក់ ១នាក់ ៦មុឺនរៀល ក្នុង១ឆ្នាំតើលុយនោះយកទៅធ្វើអ្វី? គួរតែក្រសួងដែលពាក់ព័ន្ធពិនិត្យមើលរឿងនេះផង គឺមានជាច្រើនឆ្នាំមកហើយ។

ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ Fresh News ថាក្រោយពីមានការសាកសួរព័ត៌មានឥឡូវថ្នាក់នាំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាដែលដាក់ពាក្យស្នើសុំគ្រូកិច្ចសន្យាបានបង់ប្រាក់រួចឱ្យមកយកប្រាក់វិញហើយនៅសាលារៀនមួយចំនួនទៀត ដែលបានដាក់ពាក់ស្នើសុំមិនទាន់បង់ប្រាក់ គឺមិនបាច់ឱ្យយកទេឱ្យការិយាអប់រំស្រុកជាអ្នកដោះស្រាយព្រោះមិនមែនជាគោលការណ៍របស់ក្រសួងអប់រំនោះទ្បើយ៕