(កំពត)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជានារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងរបស់ព្រះករុណា រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បានចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពមមាញឹកបំផុតលើការកសាងព្រះរាជសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្រ្តជាបងប្អូនកូនចៅរបស់ព្រះអង្គរស់នៅឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំង បានពិនិត្យការងាររបស់ក្រុមសម្តេចឪ ក្នុងកិច្ចការកសាងផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៥៨០០ម៉ែត្រ ដែលមានទំនាក់ទំនងពីភូមិត្រពាំងត្នោត រហូតដល់ភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

គួររំលឹកថា ចាប់តាំងពីពេលដែលក្រុមសម្តេចឪបង្កើតឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ក្នុងឆ្នាំ១៩៩៣ នោះមក ក្រុមសម្តេចឪដែលមានសម្តេចចៅហ្វាវាំង គង់ សំអុល បានខិតខំដឹកនាំ និងផ្តល់នូវអនុសាសន៍ធ្វើឲ្យចលនាដ៏ប្រពៃរបស់ក្រុមសម្តេចឪទទួលបានជោគជ័យជារៀងរហូតមកលើការកសាងថ្មី និងជួសជុលកែលម្អផ្លូវលំដែលជាព្រះរាជសមិទ្ធផលព្រះរាជអំណោយរបស់សម្តេចឪ សម្តេចម៉ែ និងព្រះករុណា ព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្ត្រនៅតាមមូលដ្ឋាននានាដែលជួបការលំបាកនៅទូទាំងប្រទេស ព្រោះថាផ្លូវលំមានគុណប្រយោជន៍យ៉ាងសំខាន់ ជាសរសៃឈាមនៃសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជារាស្ត្រ។

ជាមួយគ្នានេះ ក្រុមសម្តេចឪបានធ្វើសកម្មភាពយ៉ាងមមាញឹក និងសកម្មក្លៀវក្លាបំផុតក្នុងការកសាងព្រះរាជសមិទ្ធផលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្តេចឪ សម្តេចម៉ែ មានអគារសិក្សា មណ្ឌលសុខភាព ស្រះទឹក ប្រឡាយទឹក អណ្តូងទឹកជាដើម រួមចំណែកដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកាន់តែមានភាពល្អប្រសើរឡើង៕