(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងស្វែងរកបុរសម្នាក់ដែលជាពលករខ្មែរ ទើបវិលត្រឡប់ពីប្រទេសថៃ ដែលបានលួចរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យមង្គលបូរី កាលពីក្បាលព្រលប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២១។

បើតាមលោក រ័ត្ន ដាសុីណង់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ពលករដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីនោះ មានឈ្មោះ ខា រិន អាយុ២៣ឆ្នាំ លេខទូរស័ព្ទ៖ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ។

ដោយឡែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញថា ពលកររូបនោះ បានត្រឡប់មកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជាហើយអាជ្ញាធរខេត្តបានបញ្ជូនឱ្យចូលមកក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី បានចំនួនជា១យប់ មកហើយដោយពុំមានសញ្ញាបង្ហាញថាជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នោះទេ។

លោក លី សារី បានបន្ថែមថា ស្រាប់តែចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ពលករឈ្មោះ ខា រិន បានរត់គេចដោយមិនបានធ្វើចត្តាឡីស័កបន្តទៀតឡើយ ដោយមូលហេតុខ្លាចម្ចាស់បំណុលមកទារ រឿងបំណុលដែលជំពាក់គេហើយមិនអាចមានលទ្ធភាពសងម្ចាស់បំណុលវិញ។

អភិបាលរងខេត្តរូបនេះ បានគូសបញ្ជាក់ថា «មកទល់ពេលនេះក្រុមអាជ្ញាធរ និងសមត្ថកិច្ចកំពុងស្វែងរកតែ មិនទាន់រកបុរសម្នាក់ឃើញនៅឡើយទេ អាជ្ញាធរបានទៅដល់ផ្ទះរបស់គេហើយ តែមិនឃើញនណាម្នាក់នោះទេ ហើយឥលូវនេះអាជ្ញាធរកំពុងស្វែងរកគាត់នៅតាមផ្ទះសាច់ញាតិរបស់គេ»

ទន្ទឹមនឹងនេះដែរ លោក លី សារី បានឱ្យដឹងថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី២ និង៣ នៅឡើយ ដោយមិនដឹងថាគាត់មានវិជ្ជាមានមេរោគកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តលើកទី១ អវិជ្ជាមានរួចមក។

លោកថា នៅពេលដែលរកឃើញបុរសដែលរត់ចេញពីមណ្ឌលចត្តាឡីស័កពេលណាមួយនោះអាជ្ញាធរខេត្តនឹងមិនដាក់ពិន័យណាមួយអំពីការល្មើសទៅនឹងវិធានចត្តាឡីស័កនោះឡើយ គាត់ជាជនរងគ្រោះដែលមានបន្ទុកលំបាកជំពាក់លុយគេពេលនេះ បើយើងព្រមានដាក់ពិន័យទៀត មិនសមនោះទេ ហើយអាជ្ញាធរខេត្ត ក៏ពុំទាន់អនុវត្តគោលការតឹងរឹងផងដែរ៕