(សៀមរាប-កំពង់ធំ)៖ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំបន្លែសរីរាង្គ ឈ្មោះ ហេប ភី អែន ខូ ដែលមានអាស័យដ្ឋាន ស្ថិតនៅឃុំសសរស្តុំ ស្រុកពួក ខេត្តសៀមរាប។

លោក សុខា ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា កសិដ្ឋានរបស់លោក មានផ្ទៃដីទំហំ៨ហិកតា ដាំដុះបន្លែសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយមានទីផ្សារនៅ ខេត្តសៀមរាប និងភ្នំពេញ។

ក៏ប៉ុន្តែកសិដ្ឋានរបស់លោក បានផ្អាកសកម្មភាពដាំដុះ ជាបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩ បានធ្វើឲ្យអ្នកបញ្ជាទិញបន្លែ របស់លោកបានផ្អាកជាបណ្តោះអាសន្ន ស្របពេលកសិដ្ឋានរបស់លោក កំពុងជួបវិបត្តិហិរញ្ញវត្ថុ និងបានកាត់បន្ថយបុគ្គលិកពីចំនួន៦០នាក់ មកត្រឹម១០នាក់តែប៉ុណ្ណោះ។

ដោយមើលឃើញថា កសិដ្ឋាននេះ បានរៀបចំរចនាសម្ព័ន្ធដាំដុះបានល្អ និងរៀបរយ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ និងបញ្ហាហិរញ្ញវត្ថុ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងណែនាំឲ្យលោក សុខា ទាក់ទងមកធនាគារអេអឌីប៊ី ដើម្បីធ្វើការសិក្សាលទ្ធភាព ទំលាក់ឥណទានក្រោម គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់០.៤២% ក្នុងមួយខែ ដើម្បីឲ្យកសិដ្ឋានរបស់លោក អាចបើកដំណើរការឡើងវិញបាន។

ជាមួយគ្នានេះ លោកប្រតិភូ បានណែនាំម្ចាស់កសិដ្ឋាន ធ្វើកិច្ចសហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីធ្វើការសិក្សា និងពង្រីកទីផ្សារបន្ថែមទៀត។

រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល ជាមួយប្រជាកសិករ រួចមកលោក កៅ ថាច និងក្រុមការងារ បានបន្តចុះពិនិត្យមើល កសិដ្ឋានចញ្ចឹមត្រីរបស់លោក អ៉ីវ វណ្ណា ស្ថិតនៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមការឲ្យដឹងត្រួសៗ ពីលោក វណ្ណា ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានស្រះធំៗទាំងអស់ចំនួន ៨ លើផ្ទៃដី១០ហិកតា ហើយ លោកបានដាក់កូនត្រីចំរុះសរុប ប្រមាណ១៦ម៉ឺនកូន។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការថ្លែងអំណរគុណ ដល់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអេអឌីប៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់ ជួយដល់កសិករ ក៏ដូចជាជួយពង្រឹង ដល់វិស័យកសិកម្ម។

ជាក់ស្តែង រូបលោកផ្ទាល់ ក្នុងតំណាក់កាលរីករាលដាលជំងឺឆ្លងកូវីដ-១៩ កសិដ្ឋានរបស់លោក បានជួបនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយជិតក្ស័យធនផងដែរ ប៉ុន្តែតាមរយៈកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយជីវិតកសិដ្ឋានរបស់លោកឲ្យរស់ឡើងវិញ។

សូមបញ្ជាក់ថា លោក អ៉ីវ វណ្ណា ជាអតិថិជនរបស់ អេអឌីប៊ី ដែលទទួលបានកម្ចីឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ដែលមានអាត្រាការប្រាក់ ០.៤២%ក្នុង១ខែ ដើម្បីយកទៅពង្រីកវិស័យវារីវប្បកម្ម៕